ផ្ទុះបាតុកម្មប្រឆាំងរបបយោធាមីយ៉ាន់ម៉ា នៅក្នុងរាជធានីរបស់ប្រទេសថៃ

នៅខាងក្រៅការិយាល័យអង្គការសហប្រជាជាតិ ស្ថិតក្នុងរាជធានីបាងកក នៃប្រទេសថៃ មានមនុស្សរាប់រយនាក់បានតវ៉ាប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ខណៈដែលវិបត្តិនៅមីយ៉ាន់ម៉ានៅក្រោយរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស្របច្បាប់ បានមានអាយុកាល ៤ឆ្នាំហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍។

យ៉ាងណាមិញ ពួករបបសឹកនៅមីយ៉ាន់ម៉ាក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏លំបាកបំផុតរបស់ខ្លួន ជាមួយនឹងក្រុមបះបោរចម្រុះនៃក្រុមជនជាតិភាគតិចប្រដាប់អាវុធ ដែលកំពុងទទួលបានកាន់កាប់ នៅភាគខាងជើង។ ជាការប្រឈមនិងបារម្ភខ្លាំងមិនធ្លាប់មាន សម្រាប់ពួកយោធា ចាប់តាំងពីធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជីន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

កាលពីថ្ងៃព្រហស្បតិ៍ អំឡុងបាតុកម្ម នៅទីក្រុងបាងកក ក្រុមបាតុករបានស្រែកតវ៉ា និងលើកបដា មានខ្លឹមសារថា «ត្រូវតែស្តារប្រជាធិបតេយ្យឡើងវិញ» និងខ្លឹមសារមួយទៀត «សូមជួយសង្គ្រោះមីយ៉ាន់ម៉ាផង»។

បាតុករម្នាក់ ឈ្មោះ Tum Tum អតីតគ្រូបង្រៀន នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានរៀបរាប់ថា «ពួកយើងមកទីនេះ ដើម្បីតវ៉ា ពីព្រោះយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានសម្លាប់មនុស្សជាច្រើននាក់»។

បាតុករម្នាក់ទៀត ឈ្មោះថា Kove បានរៀបរាប់ថា «ពួកយើងមិនចុះចាញ់ទេ …ខ្ញុំគ្មានផ្ទះសម្បែរទេ ដោយសារតែភ្លើងឆេះអស់ហើយ យន្តហោះបានទម្លាក់គ្រាប់បែក មកលើពួកយើង ដែលជាប្រជាជន នៅក្នុងប្រទេសមីយ៉ាន់ម៉ា»។

កាលពីថ្ងៃទី១ ខែកុម្ភៈ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យបញ្ចប់អំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា និងការវិលត្រឡប់ទៅកាន់លទ្ធិប្រជាធិបតេយ្យឡើងវិញ។ យោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង ៤៤០០ នាក់ត្រូវបានសម្លាប់ នៅក្នុងការបង្រ្កាបរបស់យោធាលើអ្នកប្រឆាំង ហើយមនុស្ស ២៥០០០នាក់ទៀត ត្រូវបានចាប់ខ្លួន៕ ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner