ធនាគារជាតិ នៃកម្ពុជា និងក្រសួងអប់រំចុះអនុស្សរណៈ ជាលើកទី២ សំដៅបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និង កីឡា បានចុះអនុស្សរណៈយោគយល់គ្នាជាលើកទី២ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគោលបំណងបញ្ជ្រាបចំណេះ ដឹងផ្នែក ហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដំណាក់កាលទី៣ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមទាំង ការ លើក កម្ពស់ចំណេះដឹងផ្នែក ហិរញ្ញវត្ថុឌីជីថលផងដែរ។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងពិធីនេះថា កិច្ចការដែលធនាគារជាតិ នៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាបានសហការគ្នា អនុវត្ត កន្លងមក។ជាពិសេសនៅពេលនេះមានគោលដៅ បញ្ជ្រាប ចំណេះដឹងអក្ខរកម្មហិរញ្ញវត្ថុដែលមិនមែនគ្រាន់តែផ្ដោតលើលេខនព្វន្ត និងការគណនាប៉ុណ្ណោះទេ ប៉ុន្តែវានឹងរួមបញ្ចូល នូវ ជំនាញ និងចំណេះដឹងជាច្រើនដែលចាំបាច់សម្រាប់ សុខុមាល ភាពហិរញ្ញវត្ថុ ផ្ទាល់ខ្លួនផងដែរ ។
ក្នុងនាមក្រសួងអប់រំលោកជំទាវរដ្ឋលេខាធិការ សូមកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនាពេលកន្លងមក ដែលជាលទ្ធផលគឺទទួលបានជាទីមោទនៈដោយក្នុងឆ្នាំ២០២២កន្លងទៅបានដាក់ឱ្យសាកល្បងអនុវត្តការបញ្ជ្រាបមេរៀនមួយចំនួននៅកម្រិតថ្នាក់ទី៤ និងថ្នាក់ទី៧ ក្នុងនោះ សម្រាប់ថ្នាក់ទី៤ បានដាក់ទៅក្នុងមុខវិជ្ជាបំណិនជីវិតមូលដ្ឋាននិងមុខវិជ្ជាសិក្សា សង្គម ។ សម្រាប់ថ្នាក់ទី៧ បានដាក់ទៅក្នុងមុខវិជ្ជាគណិតវិទ្យា និងមុខវិជ្ជាបំណិនជីវិតមូលដ្ឋាន ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាជំនាញ ដែលប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ហើយក្នុង បរិបទដែលសេដ្ឋកិច្ចកំពុងវិវត្តជាប្រចាំ ការផ្តល់ឱ្យសិស្សានុ សិស្ស នូវ ជំនាញហិរញ្ញវត្ថុ ដូចជាការយល់ដឹងអំពី ប្រាក់, ការវិនិយោគនិងការចាត់ចែងហិរញ្ញវត្ថុចាប់ពីវ័យកុមារ ជាការងារ ចាំបាច់ដើម្បីឱ្យសិស្សានុសិស្សមានសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតហិរញ្ញវត្ថុរបស់ពួកគេ។ កង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ អាចធ្វើឱ្យសិស្សានុសិស្ស ឬយុវជនប្រឈមមុខនឹងបញ្ហាក្នុង ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ។
ដូច្នេះការបញ្ជ្រាប ចំណេះ ដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ គឺជាការ វិនិយោគនាពេលអនាគត ព្រោះវាមិនត្រឹមតែជួយបុគ្គលក្នុងការ សម្រេចចិត្តផ្នែកហិរញ្ញវត្ថុត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំង រួមចំណែកដល់សុខុមាលភាព និងស្ថិរភាពនៃសង្គមរបស់ យើង ផងដែរ ។
លោកជំទាវ បណ្ឌិត ជា សិរី បានបន្តថា ការពិភាក្សាលើ គម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សា ចំណេះទូទៅ បានធ្វើឡើងជាបន្តបន្ទាប់រវាងធនាគារជាតិ នៃ កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា តាំងពីឆ្នាំ២០១៧ ដោយបានឯកភាពគ្នា បែងចែងការអនុវត្តគម្រោងជា ៣ដំណាក់កាល រួមមាន៖
ដំណាក់កាលទី១-បានចាប់ផ្ដើមជាផ្លូវការក្នុងឆ្នាំ២០១៧ គឺជា ដំណាក់កាល ពិនិត្យជារួម លើលទ្ធភាពបញ្រ្ជាប ចំណេះ ដឹង ផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ក្នុងនោះក៏រួម បញ្ចូលនូវការវាយតម្លៃរបស់អ្នកជំនាញអប់រំហិរញ្ញវត្ថុ ការប្រមូល ធាតុចូលពី អ្នកពាក់ព័ន្ធសំខាន់ ដូចជា មន្ត្រី និងលោកគ្រូ អ្នកគ្រូ លើមុខវិជ្ជាទាំងអស់ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត ទាំងសាលារៀនសាធារណៈនិងឯកជន។
ដំណាក់កាលទី២-បានចាប់ផ្ដើមនៅក្នុងខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ ពីភាគីទាំងពីរ បានចុះអនុស្សរណៈនៃការយោគយល់គ្នា លើក ទី១ រួចមក។ ក្នុងដំណាក់កាលនេះ មានមុខវិជ្ជា ពាក់ព័ន្ធ សម្រាប់ ថ្នាក់ទី៤ លើមុខវិជ្ជា គណិតវិទ្យា បំណិនជីវិតតាមមូលដ្ឋាន និងសិក្សាសង្គម និងថ្នាក់ទី៧ លើមុខវិជ្ជាគណិតវិទ្យា បំណិន ជីវិតតាមមូលដ្ឋាន គេហសេដ្ឋកិច្ចវិទ្យា និង សីលធម៌-ពលរដ្ឋវិជ្ជា ។
លោកជំទាវបន្តថានៅពេលនេះ ជាការអនុវត្តគម្រោងបញ្ជ្រាប ចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ បានឈានដល់ដំណាក់កាលទី៣ ដែលជាដំណាក់កាល ចុងក្រោយ ជាការងារដែលមានទ្រង់ទ្រាយធំ និងមានរយៈ ពេលបីឆ្នាំ ចាប់ផ្ដើមពីឆ្នាំ២០២៤ រហូតដល់ ឆ្នាំ២០២៦ ។
ក្នុងដំណាក់កាលទី៣ ការងារជាអាទិភាពជាគន្លឹះ គឺការ បញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ថ្នាក់ចំនួន ៧ ដែល នៅសល់ មានថ្នាក់ទី៥, ៦, ៨, ៩, ១០, ១១ និង ១២, ការ បណ្តុះបណ្តាលគ្រូបង្គោល និងធ្វើតេស្តសាកល្បង នៅតាមប សាលារៀនជាក់ស្ដែង។ ការអនុវត្តគម្រោងនេះ ត្រូវធ្វើឡើង រយៈពេល ៣ឆ្នាំ ដោយ ឆ្នាំ២០២៥ (ថ្នាក់ទី៥, ៨ និង ១១) ឆ្នាំ២០២៥ (ថ្នាក់ទី៦, ៩ និង ១២) និងឆ្នាំ២០២៦ (ថ្នាក់ទី១០ និងមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋានចំពោះគ្រប់ថ្នាក់) ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត







