មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ដាក់ពាក្យបណ្តឹងប្តឹងលោក ស៊ឹង សែនករុណា និងទាមទារសំណងជំងឺចិត្ត២ពាន់លានរៀល
ភ្នំពេញ៖ មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹងប្តឹងលោក ស៊ឹង សែនករុណា មន្ត្រីអ្នកនាំពាក្យសមាគមអាដហុក ទៅសាលាដំបូងរាជធានីភ្នំពេញ នឹងស្នើសុំឱ្យសម្រេចចោទប្រកាន់នឹងផ្តន្ទាទោសលើលោក ស៊ឹង សែនករុណា និងទាមទារឱ្យសងសំណងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា២ពាន់លានរៀល។ ការប្តឹងនេះ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។
នៅក្នុងពាក្យបណ្តឹងបានជម្រាបជូនព្រះរាជអាជ្ញានាំអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ស៊ឹង សែនករុណា បានថ្លែងតាមរយៈសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែលមានខ្លឹមសារដូចខាងក្រោម៖
*អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានឲ្យដឹងថា វិវាទរបស់អ្នកនយោបាយគួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះកត់សម្គាល់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយមានធនធានថវិកាច្រើន ដូច្នេះលោកយល់ថា គណបក្សនេះគួរ យោគយល់ដល់លោក សុន ឆ័យ។
ប្រភពដដែលបានឲ្យដឹងថា គណបក្សកាន់អំណាចតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន។ លោកថាគណបក្សនយោបាយទាំងអស់គួរតែប្រើវិធីចាស់ទុំដើម្បីធ្វើការប្រកួតប្រជែងគ្នា គួរ បញ្ឈប់នូវវប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន ដើម្បីទុកជាគំរូសម្រាប់អ្នកនយោបាយជំនាន់ក្រោយ។.
អត្ថបទខាងលើ ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័ររបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (https://www.cambodiadaily.com) និងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនឈ្មោះ The Cambodia Daily Khmer (https://www.facebook.com/withoutfearorfavorkh) ដែលទំព័រនេះមានអ្នកចូលចិត្ត ចំនួនជាង៦៨៧ពាន់គណនី (687K likes) និងមានអ្នកតាមដានព័ត៌មាន ចំនួនជាង១លាន ៦សែនគណនី (1.6M followers)។
ការថ្លែងខាងលើរបស់ឈ្មោះ ស៊ឹង សែនករុណា ស្តែងចេញនូវចេតនាបំភ្លៃផ្ទុយពីការពិតថា គណបក្ស ប្រជាជនកម្ពុជា ….ប្រើប្រព័ន្ធតុលាការមកដោះស្រាយ… និង …តែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាប សង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន….. ព្រមទាំងប្រើប្រាស់…វប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន… ដែលពាក្យពេចន៍អះអាងបំផ្លើសទាំងនេះ ជាអំពើទុច្ចរិត ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំ ឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់ គណបក្សប្រជាជនកម្ពុជា។ ជាងនេះទៀត ការប្រព្រឹត្តរបស់បុគ្គលរូបនេះ ជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះ គណបក្សប្រជាជនកម្ពុជា និងមានចេតនា ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ។
មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា សុំប្តឹង និងសំណូមពរដូចខាងក្រោម៖
-ស្នើសុំឱ្យធ្វើការពិនិត្យសម្រេចចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ ស៊ឹង សែនករុណា តាមច្បាប់ និងនីតិវិធីជាធរមាន។
-ទាមទារឱ្យឈ្មោះ ស៊ឹង សែនករុណា សងសំណងជំងឺចិត្តជូន គណបក្សប្រជាជនកម្ពុជា ចំនួន ២.០០០.០០០.០០០ (ពីរពាន់លាន) រៀល។
គួររម្លឹកឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានឱ្យមេធាវីគណបក្សគណបក្សប្រជាជនកម្ពុជា សិក្សាផ្លូវច្បាប់ដើម្បីប្តឹងលោក សឹង សែនករុណា មន្ត្រីសមាគមអាដហុក ប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ខែកុម្ភៈ ថា “គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំ តើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?។ ក្នុងការចុះផ្សាយក៍មាន ការនិយាយដោយសឹង សែនករុណា។ ខ្ញុំសូមឱ្យមេធាវីគណបក្សសឹក្សាផ្លូវច្បាប់ដើម្បីប្តឹងមនុស្សម្នាក់នេះទៀត ប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។”
សម្តេចតេជោបានសង្កត់ធ្ងន់ថា “យើងសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនផ្តល់ឱកាសសម្រាប់មនុស្សណាក៍ដោយប្រមាថ មើលងាយងាយគណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៍សម្រាប់ខ្លួនយើង តាមផ្លូវតុលាការ។ (សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់ខ្ញុំ)៕
ដោយ៖ពលជ័យ