រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដាស់តឿនមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ (Video Inside)

គ្រោះថ្នាក់តាមដងផ្លូវដែលមានអ្នកស្លាប់ជាងបួននាក់ និងរងរបួស១២នាក់ជារៀងរាល់ថ្ងៃ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានចាត់ទុកថាជាឃាតករលាក់មុខដ៏គួរឱ្យខ្លាច។

ប្រសាសន៍លើកឡើងជុំវិញគ្រោះថ្នាក់ចរាចរណ៍ដែលមានយ៉ាងហោចចំនួន ៩លើក ក្នុងមួយថ្ងៃ បង្កការស្លាប់ និងរបួសមិនដែលអាក់ខាននេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ និងការលើកទិសដៅឆ្នាំ២០២៤ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជួន។

គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ ត្រូវគេរាយការណ៍ថា មានមនុស្សស្លាប់ ១ពាន់ ៥៩០នាក់ និងអ្នករងរបួសមានចំនួន ៤ពាន់ ៥១៥នាក់ ក្នុងគ្រោះថ្នាក់ដែលកើតឡើងសរុប ៣ពាន់ ៣១៧លើក។ គ្រោះថ្នាក់បានកើតឡើងភាគច្រើននៅរាជធានីភ្នំពេញដែលមាន ៩៥០លើក, នៅខេត្តព្រះសីហនុ ៣០៦លើក និងនៅខេត្តតាកែវ ២៧០លើក។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យខេត្តចំនួន១០ និងរាជធានីភ្នំពេញ ដែលតែងមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់។ ខេត្តដែលជាមុខសញ្ញាត្រូវពង្រឹងនោះរួមមានខេត្តកំពង់ស្ពឺ, កំពង់ចាម, កំពង់ឆ្នាំង, តាកែវ, ព្រះសីហនុ, កោះកុង, ឧត្តរមានជ័យ, ព្រះវិហារ, ត្បូងឃ្មុំ និងប៉ៃលិន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់មន្ត្រីក្រោមឱវាទត្រូវពិនិត្យបណ្ណបើកបរ ជាពិសេសអ្នករថយន្តកុងតេណ័រធំៗ ដែលតុបតែងរថយន្តខុសលក្ខណៈបច្ចេកទេស ដែលរថយន្តទាំងនេះ តែងបង្កនូវគ្រោះថ្នាក់ចរាចរណ៍ជារឿយៗ។

មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា ក្នុងមួយឆ្នាំៗ គ្រោះថ្នាក់ដោយសារចរាចរណ៍ បានបង្ខាតថវិកាជាតិអស់យ៉ាងហោចប្រមាណ ៤៥០លានដុល្លារ។

ads banner