អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ញឹម គឹមញ៉ុល អំពាវនាវមិត្តភក្តិឈប់ប្រឆាំងគណបក្សប្រជាជនកម្ពុជា (Video Inside)

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ញឹម គឹមញ៉ុល ដែលបានដាក់ពាក្យស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ត្រូវបានបញ្ចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាហើយ។

យោងសេចក្ដីប្រកាសរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបណ្តាញសារព័ត៌មានទើបបានទទួលនៅថ្ងៃនេះ បានបញ្ជាក់នូវសេចក្តីសម្រេចយល់ព្រមបញ្ចូលលោក ញឹម គឹមញ៉ុល អតីតគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំណុះគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។

លោក ញឹម គឹមញ៉ុល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នូវការដឹងគុណចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានទទួលរួបលោកក្លាយជាសមាជិក។

លោក ញឹម គឹមញ៉ុល ដែលរស់នៅក្នុងប្រទេសអូស្ត្រាលី គឺជាអតីតសកម្មជនម្នាក់ ដែលមានជំនឿលើសលុបចំពោះគណបក្សសង្គ្រោះជាតិ ប៉ុន្តែក្រោយការឃើញនូវនយោបាយទុច្ចរឹតរបស់ទណ្ឌិត សម រង្ស៊ី និងបានឃើញភាពរីកចំរើនពិតប្រាកដ របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានោះមក លោកបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមបណ្តាញសង្គមកាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៣កន្លងមក ប្រកាសស្វាគមន៍ទទួលយកសមាជិកថ្មីរូបនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់មុននេះរួចមកហើយថា សម្តេចនឹងទទួលស្វាគមន៍ ចំពោះបណ្តាអ្នកនយោបាយប្រឆាំងនានាទាំងអស់ ក្នុងការវិលត្រឡប់មករួមរស់ក្រោមដំបូលសន្តិភាព និងនយោបាយជាតិរបស់ខ្លួនវិញ លើកលែងតែមេខ្លោងទណ្ឌិត សម រង្ស៊ី តែម្នាក់ប៉ុណ្ណោះ។

ads banner