ស្នងការនគរបាលរាជធានីបញ្ជាក់ការហាមដុតផាវ និងកាំជ្រួច ក្នុងពេលបុណ្យចូលឆ្នាំចិន (Video Inside)
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ការហាមឃាត់ការដុតផាវ និងកាំជ្រួចនានាគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមខាងមុខនេះ។ បុណ្យចូលឆ្នាំចិន និងវៀតណាម នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី៩ ដល់១២កុម្ភៈ។
ការដុតផាវ និងដុតកាំជ្រួច ជារឿយៗតែងមានសេចក្តីរាយការណ៍គ្រោះអគ្គិភ័យ ដែលបង្កការខូចខាតដល់ទ្រព្យសម្បត្តិ និងពេលខ្លះក៏មានមនុស្សរងគ្រោះថ្នាក់ផងដែរ។
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកត់សម្គាល់ថា ចាប់ពីដើមឆ្នាំ២០២៤នោះមក ដោយសារគ្រោះអគ្គិភ័យតែងកើតមានស្ទើរជារៀងរាល់ថ្ងៃ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងបង្ការកុំឲ្យកើតមានគ្រោះអគ្គិភ័យ ជាពិសេស គឺការហាមឃាត់មិនឲ្យដុតផាវ, ដុតកាំជ្រួចគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាមខាងមុខនេះ។
យោងតាមរបាយការណ៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ, នៅរាជធានីភ្នំពេញ គិតចាប់ពិថ្ងៃទី២ ខែមករា ២០២៤ ដល់ថ្ងៃទី៦ កុម្ភៈ ២០២៤, ករណីគ្រោះអគ្គិភ័យបានកើតឡើងមានចំនួន ២៧ ករណី។
ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនគរបាលខណ្ឌទាំង១៤ និងសាធារណជន ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន និងការប្រុងប្រយ័ត្ន ចំពោះការឆ្លងចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ៕