ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

ក្នុងអំឡុងទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង យី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម វ៉ាង យី នឹងធ្វើជាសហប្រធានជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៧។ ឯកឧត្តមក៏នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បី ផ្លាស់ប្តូរទស្សនៈអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងល្អប្រសើរដែលមានស្រាប់លើគ្រប់វិស័យ។

ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការ កសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និង អន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕
ដោយ៖ពលជ័យ

ads banner