លោក ជា ប៉ូច សូមអភ័យទោសចំពោះរាជរដ្ឋាភិបាល ជាពិសេសចំពោះសម្តេចតេជោ ហ៊ុន សែន

លោក ជា ប៉ូច អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត បានសម្តែងការសោកស្តាយដែលបានធ្វើសកម្មភាព និងប្រើប្រាស់ពាក្យពេចន៍មួយចំនួនកន្លងទៅ បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់សម្តេចតេជោ។

លោក ជា ប៉ូច ក៏បានសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

នៅក្នុងន័យនេះដែរ លោកសូមជម្រាបជូន សម្តេចតេជោឱ្យបានជ្រាបថា លោកបានសម្រេចចិត្តផ្តាច់ខ្លួនពីលោក សម រង្សី និងឈប់ធ្វើសកម្មភាពនយោបាយជាមួយក្រុមអតីតគណបក្សសង្គ្រោះជាតិ ព្រមទាំងគណបក្សភ្លើងទៀន និងគណបក្សដែលមាននិន្នាការប្រឆាំង ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ការមួលបង្កាច់ ការជេរប្រមាថ ការលាបពណ៌ ការ បំបែកបំបាក់ ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន។

អាស្រ័យហេតុនេះ សូមគោរពស្នើសុំ សម្តេចតេជោ មេត្តាអធ្យាស្រ័យ និងសុំឱ្យតុលាការលើកលែងការចោទប្រកាន់ ដល់រូបលោកចំពោះទង្វើដែលលោកបានប្រព្រឹត្តខុសក្នុងរយៈពេលកន្លងទៅ សូមផ្តល់ឱកាសឲ្យរូបលោក បានធ្វើជាប្រជាពលរដ្ឋល្អ រស់នៅក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ៕
ដោយ៖ពលជ័យ

ads banner