អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការចាប់ខ្លួនលោក ស៊ុន ចន្ធី គឺជាវិធានការច្បាប់ចំពោះអ្នកដែលប្រព្រឹត្តល្មើសច្បាប់ មិនមែនជាការរឹតត្បិតសិទ្ធិសេរីភាព ឬក៏ធ្វើទុក្ខបុកម្នេញដល់សកម្មជនអ្នកនយោបាយនោះទេ

ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១០ ខែឧសភា នេះថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី គឺជាវិធានការច្បាប់សុទ្ធសាធ ហើយធ្វើឡើងមិនមែនដោយសារតែគាត់ជាប្រធានគណបក្សនយោបាយនោះទេ គឺដោយសារតែគាត់បានប្រព្រឹត្តអំពើល្មើសទៅនឹងច្បាប់ ហើយសមត្ថកិច្ចមានមូលដ្ឋានរឹងមាំ និងច្បាស់លាស់ក្នុងចំណាត់ការ និងដំណើរការនីតិវិធីតាមផ្លូវតុលាការ។

ឯកឧត្តមបានបញ្ជាក់ថា “វិធានការច្បាប់ចំពោះអ្នកដែលប្រព្រឹត្តល្មើសច្បាប់បែបនេះ មិនមែនជាការរឹតត្បិតសិទ្ធិសេរីភាព ឬក៏ធ្វើទុក្ខបុកម្នេញដល់សកម្មជនអ្នកនយោបាយនោះទេ។ ការប្រើពាក្យថ្កោលទោសទៅលើវិធានការច្បាប់របស់សមត្ថកិច្ចដែលមានមូលដ្ឋានច្បាប់ត្រឹមត្រូវរឹងមាំច្បាស់លាស់ គឺជារឿងមិនត្រឹមត្រូវនោះទេ។ ក្នុងនាមជាស្ថាប័ននីតិបុគ្គលមួយដែលបានចុះបញ្ជីតាមផ្លូវច្បាប់ ហើយមានការយល់ដឹងងំពីច្បាប់”។

យោងតាមសេចក្តីថ្លេងការណ៍របស់ក្រសួងយុត្តិធម៌កាលពីថ្ងទី៩ ខែឧសភា ឆ្នា២០២៤ បានឲ្យដឹងថា ការចាប់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី អំពីដំណើររឿងពាក់ព័ន្ធនឹង “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ដោយបុគ្គល រូបនេះបានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមួលបង្កាច់អំពីការអភិវឌ្ឍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។ ការចាប់ខ្លួននេះ ជាការអនុវត្តច្បាប់ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះផងដែរ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ហើយជាការអនុវត្តច្បាប់សុទ្ធសាធ ដោយផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ ក៏បានប្រតិកម្មដែរថា ការចេញសេចក្ដីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ដោយប្រើពាក្យ “ថ្កោលទោស” ចំពោះការអនុវត្តច្បាប់ដោយស្ថាប័នមានសមត្ថកិច្ចបែបនេះ គឺជាការមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ ហើយដែលគណបក្សនេះគប្បីពិនិត្យពិចារណាឡើងវិញក្នុងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមស្រប ដើម្បីធានាបាននូវធម្មានុរូបភាពជាតួអង្គនយោបាយមួយ ដែលគោរពច្បាប់ នៅក្នុងសង្គមនីតិរដ្ឋ៕
ដោយ៖ពលជ័យ

ads banner