អង្គការសម្អាតទន្លេនិងអាជ្ញាធររួមគ្នាអប់រំពលរដ្ឋ មិនបោះសំរាមក្នុងទន្លេនិងចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
ភ្នំពេញ៖អង្គការសម្អាតទន្លេសមុទ្រ (River Ocean Cleanup) រួមគ្នាជាមួយអាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយដល់សាលារៀន និងសហគមន៍នៅជាប់ទន្លេក្នុងវិទ្យាល័យកោះចិនស្ថិតនៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃទន្លេ និង ពិសេសការចោលសំរាមក្នុងទន្លេដែលបង្កគ្រោះថ្នាក់ដល់សុខភាពដល់អ្នកប្រើប្រាស់ទឹកទាំងរាជធានីភ្នំពេញក៏ដូចជាបណ្តាខេត្តដទៃទៀត។
ថ្លែងក្នុងពិធីដែលបានរៀបចំនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤ លោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ បាននិយាយថាពិធីនេះធ្វើឡើងក្នុងគោលបំណងក្រើនរំលឹកដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលរស់នៅតាមដងទន្លេ ឳ្យចូលរួមស្រឡាញ់បរិស្ថាន ដោយចេះវេចខ្ចប់ និង ទុកសំរាមឱ្យ បានត្រឹមត្រូវចៀសវាងការបោះសំរាមចូលក្នុងទឹកបង្កគ្រោះថ្នាក់ដល់មនុស្សសត្វ។
លោកបានបន្តថានៅទីនេះ សំរាមដែលពលរដ្ឋបានគរចោលក្បែរមាត់ទន្លេមិនក្រោម១០តោនទេ។យើងបានឱ្យសិស្សានុសិស្ស និងព្រមទាំងមានរថយន្តដឹកសំរាមនៅទីនេះចេញ។ការសម្អាតសំរាមនាថ្ងៃនេះដែរគឺជាការជួយផ្សព្វផ្សាយ និងក៏ដូចជាពលរដ្ឋចូលរួមសម្អាតអនាម័យលែងបោះសំរាមនៅក្បែរទីនេះទៀត។
នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ រូបនេះបានបញ្ជាក់ថា”ទាំងនេះគឺជាសារមួយដល់ប្រជាពលរដ្ឋ ពិសេសអ្នកលក់ដូរក្បែរតំបន់នេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ការបោះសំរាមចូលទន្លេវានឹងធ្វើឱ្យបំពុលទឹក បំពុលដល់ជីវចម្រុះ និងពិសេសវាខូចដល់គុណភាពទឹក និងចាំបាច់ណាស់យើងត្រូវទុកដាក់ឱ្យបានត្រឹមត្រូវដោយឱ្យរថយន្តគេប្រមូលយកទុកដាក់ទីវាលចាក់សំរាម”។
លោកបន្ថែមថា”ចាប់តាំងតែពីការបង្កើតអង្គការមកដល់ពេលនេះសំរាមប្រមាណជាង១ ៧៥០តោនត្រូវបានប្រមូលចេញពីទន្លេទាំងបីដូចជា ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់”។
លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលបានថ្លែងថាមទន្លេគឺជាជីវិត ។ពលរដ្ឋរស់នៅខេត្តកណ្តាលភាគច្រើនពឹងផ្អែកទៅលើទឹកទន្លេនេះឯង ។អញ្ចឹងកាលណាទន្លេត្រូវបានបំពុលនោះវានឹងបង្កប៉ះពាល់ដល់មនុស្សយើងពុំខាន។ដូច្នេះដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ មន្ទីរបរិស្ថានខេត្តកណ្តាល និងដៃគូធ្វើយ៉ាងណាដោះស្រាយបញ្ហានេះឱ្យបានល្អបំផុតដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋក៏ដូចជាសាធារណៈជនទូទៅ។ការធ្វើយុទ្ធនាការនេះដែរក៏ចង់បង្ហាញដល់ពលរដ្ឋយកចិត្តទុកដាក់សំរាមឱ្យបានត្រឹមត្រូវដែលជាការចូលរួមថែរក្សាទន្លេ សម្អាតទន្លេឱ្យបាននាថ្ងៃខាងមុខ”។
គួរបញ្ជាក់ថា អង្គការសម្អាតទន្លេ សមុទ្រ មន្ទីរបរិស្ថានខេត្តកណ្តាល ដែលទទួលបានការឧបត្ថម្ភដោយក្រុមហ៊ុន Leader Energy Holding Bhd បានរៀបចំពិធីផ្សព្វផ្សាយការថែទាំបរិស្ថានសាលារៀន និងសហគមន៍មានភូមិសាស្ត្រជាប់មាត់ទន្លេ ដោយមានលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំកោះចិនដើម្បីចូលរួមដើម្បីចែករំលែក ៖១- ចំណេះដឹងស្តីពីសារសំខាន់នៃទន្លេ,២- ចំណេះដឹងអំពីការគ្រប់គ្រងសំរាម សំណល់រឹងតាមផ្ទះ សាលា ភូមិ ឃុំ ដើម្បីបញ្ជៀសការបំពុលបរិស្ថានក្នុងទន្លេ,៣- ចំណេះដឹងពីការលើកកម្ពស់ដើម្បីកាត់បន្ថយសំណល់ (Refuse, Reduce, Reuse, Recycle),៤- វិធានសុវត្ថិភាពសហគមន៍ដែលមានខ្សែបញ្ជូនអគ្គិសនីឆ្លងកាត់។
ក្នុងពិធីនេះក៏មានការផ្សព្វផ្វាយពីយុទ្ធនាការរបស់ក្រសួងបរិស្ថានស្តីពី” ថ្ងៃនេះយើងមិនប្រើប្រាស់ថង់ប្លាស្ទិកទេ “” កម្ពុជាស្អាត ខ្មែរធ្វើបាន “និង” ការពារបរិស្ថាន ការពារសុខភាព ការពារអាយុជីវិត “ជាដើម៕
អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖ ជីម ភារ៉ា