សម្បុកក្រពើភ្នំចំនួនប្រាំត្រូវបានរកឃើញនៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសម្បុកពងកូនច្រើនបំផុតមិនធ្លាប់មាន

ភ្នំពេញ៖ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសម្បុកក្រពើភ្នំសរុបចំនួនប្រាំសំបុក នៅឧទ្យានជាតិ​ជួរភ្នំក្រវាញ ដែលជាចំនួនសម្បុកពងកូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។

សម្បុកទាំងប្រាំនោះ មានពងសរុបចំនួន១០៦គ្រាប់ ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមាន ចំនួន៦៦គ្រាប់។ សំបុកទាំងនោះ ត្រូវបានយាមការយ៉ាងហ្មត់ចត់ពីមន្ត្រីឧទ្យានុរក្ស និងសំណាក់សហគមន៍មូលដ្ឋាន។ ជាលទ្ធផល កូនក្រពើភ្នំសរុបចំនួន៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យក្នុង ចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ការរកឃើញនេះបានបង្ហាញថា តំបន់នេះគឺជាជម្រកដ៏សំខាន់សម្រាប់សត្វក្រពើធម្មជាតិ និងបានផ្តល់ជាក្តីសង្ឃឹមដល់ការកើនឡើងនៃប្រភេទសត្វនេះនៅក្នុង ធម្មជាតិ។

គួរបញ្ជាក់ផងដែរថា សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ ហើយមានចំនួនប្រមាណជាង ១០០០ក្បាល​ប៉ុណ្ណោះនៅ​លើពិភពលោកក្នុងនោះកម្ពុជាដែលត្រូវចាត់ទុកថាមានវត្តមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណ​ជាង៣០០ក្បាល។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្ត​ចក្រាវិស័យបរិស្ថានដែលក្នុងនោះយុទ្ធសាស្ត្រទី២«ភាពបៃតង» មុំទី២ អាទិភាពទី២ បានផ្តោតលើការការពារ និងអភិរក្សជីវចម្រុះ ហើយក្រសួងបរិស្ថានបាននិងកំពុងធ្វើការអភិរក្សនិងស្តារទីជម្រក របស់ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតក្នុងធម្មជាតិ។ គួរបញ្ជាក់ផងដែរថាក្រពើភ្នំបានដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ហើយការរកឃើញសំបុកពងកូនចំនួន៥សំបុក និងញាស់ជោគជ័យបាន ៦០កូន បានឆ្លុះបញ្ចាំងឱ្យឃើញថា ឧទ្យានជាតិជួរភ្នំក្រវាញជាទីជម្រកធម្មជាតិដ៏មានសុវត្ថិភាព និងសមស្របសម្រាប់ប្រភេទសត្វដ៏កម្រនេះរស់នៅ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ នេះជាជោគជ័យមួយថ្មី​ទៀតយ៉ាងសំខាន់នៃកម្មវិធីគាំពារសត្វកម្រជិតផុតពូជ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយដៃគូ អង្គការក្រៅរដ្ឋាភិបាល ក្រសួងបរិស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជំរុញកំណើនសត្វកម្រដូចជា ក្រពើភ្នំ ផ្សោត និងសត្វអណ្តើកហ្លួងជាដើម។ ចំពោះសត្វក្រពើភ្នំនេះ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មសហការជាមួយអង្គការសត្វ​ព្រៃនិងរុក្ខជាតិកម្ពុជា បានខិតខំជ្រើសរើសពូជក្រពើភ្នំសុទ្ធមកបង្កាត់ហើយដាក់ចូកទៅក្នុងជម្រកធម្មជាតិវិញក្នុង​ដែនអភិរក្សបរិស្ថាន។ កិច្ចខិតខំប្រឹងប្រែងនេះ បានលេចចេញជាផ្លែផ្កាគួរជាទីមោទនៈ ដោយសត្វក្រពើភ្នំអាចបន្តពូជដោយខ្លួនឯង ហើយបង្កើតជាសំបុក និងកូនជំនាន់ថ្មីក្នុងធម្មជាតិ។ ជោគជ័យនេះបានផ្តល់កម្លាំងចិត្ត ព្រមទាំងពង្រឹងការតាំងចិត្តរបស់យើងក្នុងការបន្តការពារជីវចម្រុះដ៏សម្បូរបែបរបស់កម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។


ចំណែកលោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា មានប្រសាសន៍ថា៖ អស់រយៈពេលជាង​មួយទសវត្សរ៍មកហើយដែលអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា ជាមួយនឹងដៃគូរបស់យើង បានខិតខំប្រឹងប្រែងក្នុងបេសកកម្មក្នុងការ​ជំរុញការកើនឡើងនៃចំនួនសត្វក្រពើភ្នំ នៅតំបន់ជួរភ្នំក្រវាញនៃ ប្រទេសកម្ពុជា។ ការងាររបស់យើងនេះមិនត្រឹមតែទាក់ទងនឹងការ​បង្កាត់​ពូជក្រពើភ្នំសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែយើងធ្វើការដើម្បីធានាឱ្យបានថាពួកវា​មានទីជម្រកសមរម្យដែលត្រូវលែងទៅក្នុងធម្មជាតិ​វិញ។ការពង្រឹងការការពារទីតាំងសំខាន់ៗនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ មានសារៈសំខាន់ណាស់ក្នុងការការពារ ជម្រកទាំងនេះពីការគំរាមកំហែង ដូចជាការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់ជាដើម។ ការរកឃើញ សម្បុកថ្មីៗនេះ សបញ្ជាក់ពីសារៈសំខាន់នៃការការពារតំបន់នេះ ដោយមានចំនួនក្រពើភ្នំតិចជាងពីរបីរយក្បាល នៅក្នុងធម្មជាតិ ក្រពើថ្មីចំនួន៦០ក្បាលដែលបានញាស់នេះ គឺជាកត្តាជំរុញយ៉ាងខ្លាំងនៃការកើនឡើងនៃ ចំនួនប្រភេទនេះ។ ខណ:ពេលដែលជីវៈចម្រុះនៅតំបន់ដីសើមកំពុងបាត់បង់យ៉ាងឆាប់រហ័សនៅទូទាំងតំបន់ ការរកឃើញនេះគូសបញ្ជាក់អំពី​សក្តានុពល សម្រាប់ការស្តារឡើងវិញនូវធម្មជាតិតាមរយៈកិច្ចខិតខំប្រឹងប្រែង អភិរក្សរួមគ្នាប្រកបដោយនិរន្តរភាព។

លោក ថយ ឈន អ្នកល្បាតក្រពើភ្នំបានបង្ហាញចំណាប់អារម្មរណ៍ថា៖ យើងបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសត្វ​ព្រៃនិង​រុក្ខជាតិកម្ពុជា ដើម្បីការពារប្រភេទសត្វជិតផុតពូជនេះជាច្រើនឆ្នាំមកហើយ ហើយ យើងពិតជារំភើបណាស់ដែលបានរកឃើញ​សម្បុកក្រពើទាំងនេះ។ ការរកឃើញនេះបង្ហាញថា កិច្ចខិតខំ ប្រឹងប្រែងអភិរក្សរបស់យើងទទួលបានជោគជ័យ ហើយខ្ញុំជឿជាក់ថាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងយើងចំនួនក្រពើភ្នំនឹងបន្តកើនឡើងនាពេលអនាគត៕


ដោយ៖ដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner