សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវអ្នកដែលប្រើប្រាស់បណ្តាញសង្គម និង​អ្នក​សារព័ត៌មាន សូមផ្សាយព័ត៌មានដោយមានការទទួលខុសត្រូវ

(សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវអ្នកដែលប្រើប្រាស់បណ្តាញសង្គម និងអ្នកសារព័ត៌មាន សូមផ្សាយព័ត៌មានដោយមានការទទួលខុសត្រូវ និងកុំផ្សាយព័ត៌មានក្លែងក្លាយ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងដូច្នេះ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។

សម្តេចធិបតី បានគូសបញ្ជាក់ថា ខ្ញុំសូមឱ្យបងប្អូនប្រកាន់ក្រមសីលធម៌ ហើយខ្ញុំឱ្យឯកឧត្តម នេត្រ ភក្រ្តា មើលកិច្ចការងារនេះឱ្យច្បាស់ កុំឱ្យអ្នកកាសែតម្នាក់ ពីរនាក់ បួន ដប់នាក់ ទៅបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានយើង រាប់ម៉ឺននាក់ ព្រោះបងប្អូនមានក្រមសីលធម៌ បងប្អូនខំធ្វើដោយសុទ្ធចិត្ត ពេលខ្លះបងប្អូនធ្វើដោយច្រលំ គាត់កែ តែអ្នកខ្លះអត់ទេ គឺយកអាហ្នឹងជាអាជីពទៅគាបគេ ។

សម្ដេចបន្តថា ឯកឧត្តម នេត្រ ភក្រ្តា ប្រសិនបើមានបញ្ហាប៉ុណ្ណឹង ដកអាជ្ញាបណ្ណ ហើយដាក់ចូលទៅក្នុងបញ្ជីខ្មៅ មិនបាច់ឱ្យធ្វើទៀតទេ បើគាត់យកអាជ្ញាបណ្ណហ្នឹងយកទៅគាបគេ ដកអាជ្ញាបណ្ណចោលតែម្តង ឈប់ឱ្យធ្វើជាអ្នកកាសែតទៀតទៅ ។

សម្តេច បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ អនុវត្តសិទ្ធិ គោរពក្រមសីលធម៌ និងត្រូវផ្សាយនូវព័ត៌មានពិត ទោះបីជាព័ត៌មានល្អ ឬមិនល្អក៏ដោយ ដើម្បីងាយស្រួលក្នុងការរាជរដ្ឋាភិបាលរកវិធីដោះស្រាយ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវអ្នកដែលប្រើប្រាស់បណ្តាញសង្គម និងអ្នកសារព័ត៌មាន សូមផ្សាយព័ត៌មានដោយមានការទទួលខុសត្រូវ និងកុំផ្សាយព័ត៌មានក្លែងក្លាយ ក្នុងចេតនាចង់កេងចំណេញនយោបាយ ឬអ្វីមួយ ព្រោះព័ត៌មានក្លែងក្លាយបំពុលសង្គមនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ព្រួយបារម្ភ មានអារម្មណ៍នឹងនរ និងបង្កគ្រោះថ្នាក់ដល់សង្គមជាតិ។ មិនថាតែកម្ពុជាទេ ដែលព្រួយបារម្ភពីព័ត៌មានក្លែងក្លាយ សូម្បីបណ្តាប្រទេសក្នុងទ្វីប អឺរ៉ុប អាមេរិក កាណាដា អេស្ប៉ាញ ក៏បារម្ភពីបញ្ហានេះផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner