លោក Elon Musk ត្រៀមលក់មនុស្សយន្តទូទាំងពិភពលោកនៅឆ្នាំ ២០២៦

វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហើបឱ្យដឹងថា Tesla នឹងដាក់បញ្ចេញមនុស្សយន្តបម្រើការងារក្នុងក្រុមហ៊ុនខ្លួនចាប់ពីឆ្នាំ ២០២៥ ហើយមានផែនការផលិតចែកចាយទូទាំងពិភពលោកនៅឆ្នាំ ២០២៦។

តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទ លោក Elon Musk បាននិយាយថា មនុស្សយន្តនឹងត្រូវផលិតក្នុងចំនួនតិចតួចប៉ុណ្ណោះសម្រាប់រោងចក្ររបស់ក្រុមហ៊ុន Tesla។ ប៉ុន្តែលោកសង្ឃឹមថា មនុស្សយន្តទាំងនោះនឹងត្រូវផលិតក្នុងចំនួនដ៏ច្រើន សម្រាប់ក្រុមហ៊ុនផ្សេងៗទៀតនៅឆ្នាំ ២០២៦។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បាននិយាយកាលពីខែមេសាថា មនុស្សយន្ត Tesla Optimus នឹងអាចបំពេញការងារនៅក្នុង រោងចក្របាននៅត្រឹមចុងឆ្នាំ ២០២៤នេះ ហើយអាចត្រៀមខ្លួនរួចរាល់សម្រាប់លក់នៅចុងឆ្នាំ ២០២៥។

កន្លងមក លោក Musk ធ្លាប់បាននិយាយថា មនុស្សយន្ត Optimus នឹងក្លាយជា មនុស្សយន្តដែលមានសមត្ថភាពខ្លាំង ហើយមានតម្លៃសមរម្យចាប់ពី ២០,០០០ដុល្លារក្នុងមួយគ្រឿង។ លោក Musk ថែមទាំងបានអះអាងទៀតថា មនុស្សយន្ត Optimus នឹងកាន់តែអស្ចារ្យមិនគួរឱ្យជឿ នៅក្នុងរយៈពេលត្រឹមតែ ៥ ឬ ១០ឆ្នាំទៅមុខទៀត។ បើតាមលោក Musk ការលក់មនុស្សយន្តអាចក្លាយជាផ្នែកដ៏ធំ នៃប្រភពចំណូលរបស់ Tesla ច្រើនជាងផ្នែកផ្សេងទៀត រួមទាំងការផលិតឡានអគ្គិសនី។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ MarketsandMarkets បានឱ្យដឹងថា ក្រុមហ៊ុនជាច្រើនបានចាក់បញ្ចូលលុយដល់ទៅ ១.៨ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ចូលទីផ្សារមនុស្សយន្តសកល ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ជាង ១៣ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner