មន្រ្តីរាជការនៃក្រសួងអធិការកិច្ច នឹងទទួលបាន វគ្គបណ្តុះបណ្តាល ការស្រាវជ្រាវផ្អែកលើការស្ទង់មតិ ដែលមានរយៈពេលសិក្សាជាង ១៦៨ម៉ោង

(ភ្នំពេញ)៖ កិច្ចព្រមព្រៀងផ្តល់ជំនួយសម្រាប់វគ្គបណ្តុះបណ្តាល “ការស្រាវជ្រាវផ្អែកលើការស្ទង់មតិ (Survey-based Research Training)” រវាងក្រសួងអធិការកិច្ច និងអង្គការមូលនិធិអាស៊ី ដោយមានលោកបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច និងលោក ចូហាន រីបឺត (Johann Rebert) តំណាងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា បានរៀបចំពិធីចុះហត្ថាលេខា ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអធិការកិច្ច ។

កិច្ចព្រមព្រៀងនេះ ផ្តោតសំខាន់ទៅលើការជួយរៀបចំវគ្គបណ្តុះបណ្តាល ការស្រាវជ្រាវផ្អែកលើការស្ទង់មតិ ដែលមានរយៈពេលសិក្សាជាង ១៦៨ម៉ោង សម្រាប់មន្រ្តីរាជការនៃក្រសួងអធិការកិច្ច ហើយវគ្គបណ្តុះបណ្តាលនេះនឹងចាប់ផ្តើមនៅចុងខែសីហា ហើយនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២៤ ដែលថ្លៃចំណាយមានទំហំ ២៦.០២០ ដុល្លារអាមេរិក (ពីរម៉ឺនប្រាំមួយពាន់ និងម្ភៃដុល្លារអាមេរិក)។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្ដីសោមនស្សរីករាយស្វាគមន៍ លោក ចូហាន រីបឺត (Johann Rebert) នាយករង និងជាតំណាងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយនាថ្ងៃនេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់ជំនួយសម្រាប់វគ្គបណ្តុះបណ្តាល ការស្រាវជ្រាវផ្អែកលើការស្ទង់មតិ ដល់ក្រសួងអធិការកិច្ច ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងជួយពង្រឹងសមត្ថភាពជូនដល់មន្រ្តីជំនាញដើម្បីបំពេញការងារស្នូលចំពោះមុខឱ្យមានប្រសិទ្ធិភាព និងប្រសិទ្ធិផល។

លោកតំណាងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា បានជម្រាបជូនអំពីសាវតារបស់អង្គការមូលនិធិអាស៊ី (Asia Foundation ) គឺជាអង្គការអភិវឌ្ឍន៍អន្តរជាតិមិនរកប្រាក់ចំណេញដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៤ និងមានទីស្នាក់ការកណ្តាលនៅទីក្រុង San Francisco រដ្ឋ California និងមានលោកស្រី Laurel E. Miller ប្រធាន និងនាយកប្រតិបត្តិ។

លោកតំណាងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា ក៏បានជម្រាបជូនអំពីបេសកកម្មរបស់មូលនិធិអាស៊ីប្រចាំកម្ពុជា ដែលបានធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ ដោយបានធ្វើការដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ កំណែទម្រង់សេដ្ឋកិច្ច និងការលើកកម្ពស់អភិបាលកិច្ចក្នុងប្រទេសកម្ពុជា។ មូលនិធិនេះ មានគោលបំណងគាំទ្រដល់ការការអភិវឌ្ឍន៍ និងការរីកចម្រើនរបស់កម្ពុជាឆ្ពោះទៅរកចក្ខុវិស័យ តាមរយៈការងារតាមកម្មវិធី និងភាពជាដៃគូ។

សូមបញ្ជាក់ថា កន្លងមក កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្រសួងអធិការកិច្ច និងមូលនិធិអាស៊ីប្រចាំកម្ពុជា ក៏បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការកសាងសមត្ថភាពស្រាវជ្រាវ រយៈពេល ១៥ថ្ងៃ ក្រោមជំនួយរបស់អង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា សម្រាប់មន្ត្រីរាជការក្រសួងចំនួន ២០រូប និងបានផ្តល់ជំនួយជាសៀវភៅ។ ហើយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិអធិការកិច្ចបានទទួលនូវសៀវភៅចម្រុះមុខវិជ្ជា ចំនួន ៣៣២ ក្បាល ពីគម្រោងកម្មវិធីសៀវភៅសម្រាប់អាស៊ី-កម្ពុជា ដែលជាកម្មវិធីដៃគូរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអង្គការមូលនិធិអាស៊ី ដើម្បីតម្កល់សម្រាប់ប្រើប្រាស់ ក្នុងបណ្ណាល័យវិទ្យាស្ថានជាតិអធិការកិច្ច ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner