ឯកឧត្តម ហ៊ុន ម៉ានី៖ “អ្វីៗដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើ គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាតែមួយគត់”

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា “អ្វីៗដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើ គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាតែមួយគត់”។ ការប៉ុនប៉ង បំភ្លៃ បំភ័ន្ត ក្នុងចេតនាបង្ខូចកិត្តិយស និងការពិតនៃកិច្ចការរបស់រាជរដ្ឋាភិបាល គឺជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម ដែលសង្គមមិនគួរអត់ឱនឱ្យ ហើយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះអំពើញុះញង់របស់ខ្លួន។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ដែលបានធំធាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានតាមដាន និងស្វែងយល់នូវការពិតជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌតំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា- ឡាវ – វៀតណាម ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងពេលនោះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា ដូចអ្វីដែលយើងទាំងអស់បានទទួលស្តាប់ នូវការបកស្រាយ និងពន្យល់អំពីប្រវត្តិ ដំណាក់កាល និង មូលដ្ឋាននៃការគិតគូរលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៃការបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការសម្រាប់ជាឧត្តមប្រយោជន៍ដល់តំបន់ សហគមន៍ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ ការប្រែមុខមាត់ តាមរយៈការអភិវឌ្ឍ និងគម្រោងវិនិយោគនានា ដែលបានលេចជារូបរាងជាបន្តបន្ទាប់ គឺជាភស្តុតាងដែលមិនអាចប្រកែកបានអំពីផលជាក់ស្តែងដែលប្រជាពលរដ្ឋទាំងក្នុងបណ្តាខេត្តក្នុងតំបន់សហប្រតិបត្តិការ និងប្រជាពលរដ្ឋទូទៅបាន និងកំពុងទទួលបាន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ការប៉ុនប៉ង បំភ្លៃ បំភ័ន្ត ក្នុងចេតនាបង្ខូចកិត្តិយស និងការពិតនៃកិច្ចការរបស់រាជរដ្ឋាភិបាល គឺជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម ដែលសង្គមមិនគួរអត់ឱនឱ្យ ហើយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះអំពើញុះញង់របស់ខ្លួន។

“ខ្ញុំសូមអំពាវនាវ ឱ្យបងប្អូនជនរួមជាតិទាំងអស់ត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ យើងទាំងអស់គ្នាតោងដឹងថា គ្មាននរណាស្រលាញ់កម្ពុជា ជាងអ្នកដែលបានរួមសុខរួមទុក្ខជាមួយគ្នាចាប់តាំងពីគ្រាដ៏លំបាកបំផុត និងបានកសាងអ្វីៗទាំងអស់ចេញពីបាតដៃទទេនោះទេ”

ដោយ៖ពលជ័យ

ads banner