សហព័ន្ធកីឡាចំនួន ៤ជាតួអង្គដ៏សំខាន់ក្នុងការប្រកួតយុទ្ធគុនចម្រុះពានសម្ដេចធិបតី
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាគុនចម្រុះខ្មែរបុរាណដែលប្រសិទ្ធនាមថា ពាន រង្វាន់ សម្ដេចធិបតី លើកទី១នឹងប្រព្រឹត្តទៅនាខែ តុលា ឆ្នាំ២០២៤ ។ នេះបើយោងតាម ការបញ្ជាក់ពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២៤ ក្រោម វត្តមាន ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្រ្តីថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ដែលគ្រោងរៀបចំនៅអំឡុង ខែ តុលា ឆ្នាំ២០២៤ខាងមុខនេះទទួលបានកាគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម រដ្ឋលេខាធិការ អះអាងថា ព្រឹត្តិការណ៍ប្រកួតនេះ មានសមាសភាពសហព័ន្ធកីឡាប្រយុទ្ធចំនួន៤ គឺចូលរួម គឺ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ, សហព័ន្ធកីឡាយុទ្ធគុនចម្រុះ, សហព័ន្ធកីឡាគុនល្បុក្កតោ និងសហព័ន្ធកីឡាយុទ្ធក្រមខម. ជាសហព័ន្ធគោលដែលនឹងរួមចំណែកព្រឹត្តិការណ៍នេះឱ្យកើតមានឡើង ។ ប៉ុន្តែសម្រាប់លក្ខន្តិកៈនឹងត្រូវបានបញ្ជ្រាបក្នុងវគ្គបណ្ដុះបណ្ដាលដោយផ្ដោតលើគោលជារួម មិនមែនផ្ដោតតែលើលក្ខន្តិកៈសហព័ន្ធណាមួយនោះទេ។
ឯកឧត្តម បានបញ្ជាក់ទៀតថា សម្រាប់ការប្រកួតវិញ ចែកចេញជាពីរ មានប្រយុទ្ធ និង សម្ដែង។ ក្នុងនោះ ប្រភេទប្រយុទ្ធមានអ្នកអាជីព និងស្ម័គ្រចិត្ត។ សម្រាប់ការប្រកួតសម្ដែងវិញ គឺ បើកចំហរអាយុពីចន្លោះ១៨ដល់ឆ្នាំដល់៦៥ឆ្នាំ។
ឯកឧត្តម វ៉ាត់ ចំរើន បានចាត់ទុក ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្ដេចធិបតី លើកទី១នេះ ជាឱកាសដ៏សំខាន់ ដើម្បីលើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យ បានរំឭកក្បាច់គុនខ្មែរឡើងវិញ ពិសេសក្បាច់គុនខ្មែរជាច្រើនទៀតដែលមហាជនមិនបានដឹង។សូមលើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យចូលរួមចុះឈ្មោះប្រកួតឱ្យបានច្រើន ដើម្បីលើកស្ទួយ និងអភិរក្សក្បាច់គុនខ្មែរ។
ដោយឡែកសម្រាប់ ការប្រកួតក្បាច់ប្រយុទ្ធមាន៧ប្រភេទទម្ងន់សម្រាប់កីឡាករ និង ៥ប្រភេទសម្រាប់កីឡាការិនី ខណៈសម្ដែងវិញមាន ឯកត្តជន ដូចជា ថ្វាយបង្គំគ្រូ, មេគុនដៃ, មេគុនអាវុធឥតមុខ និងមានគុនអាវុធមានមុខ។ សម្ដែងជាក្រុម មានមេគុនដៃ (៣នាក់ ស្រី១នាក់), មេគុនអាវុធឥតមុខ (៣នាក់ ស្រី០១) និង មេគុនអាវុធមានមុខ (៣នាក់ ស្រី០១នាក់)។ សម្ដែងសមយុទ្ធ មានមេគុនដៃ (៥នាក់ ស្រី១នាក់) និងមេគុនអាវុធគ្រប់ប្រភេទ (៥នាក់ស្រី១នាក់) ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ