ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ «អ្នកផ្តល់ឈាម គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ជួយសង្រ្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រលាញ់ ចេញពីបេះដូងយ៉ាងពិតប្រាកដ»

(ភ្នំពេញ)៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលរៀបចំឡើងនៅមន្ទីរពេទ្យព្រះអង្គឌួង ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការបរិច្ចាគឈាមគឺ ជាវីរៈបុរស ហើយការផ្តល់ឈាម គឺបង្ហាញពីអំពើល្អ ទឹកចិត្តស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិត ទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ក៏បង្ហាញឲ្យឃើញនូវការសហការគ្នា សាមគ្គីភាពជាឆ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី កម្ពុជា ដែលសម្តេចតែងតែអំពាវនាវលើកទឹកចិត្តជាបន្តបន្ទាប់ឱ្យប្រជាពលរដ្ឋ និងយុវជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីបង្ហាញជាទីស្រឡាញ់ ជួយសង្រ្គោះជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាមចាំបាច់បំផុតនៅក្នុងប្រទេស ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែរៀបចំ និងគាំទ្រយុទ្ធនាការលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តតាមរយៈសាខាកាកបាទក្រហមកម្ពុជា រាជធានី ខេត្ត ។

ឯកឧត្តមសាស្រ្តាចារ្យ សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋជាចម្បង និងសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចធិបតី ដែលជាសប្បុរសជនបរិច្ចាគឈាមទៀតទាត់ ជាគំរូសម្រាប់យុវជន កងទ័ព និងប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចបានចាត់ទុក «ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្រ្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា»។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់ និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការរៀបចំកម្មវិធីនេះឡើង និងសង្ឃឹមយ៉ាងថានឹងបន្តសកម្មភាពដ៏ប្រពៃថ្លៃថ្លានេះ ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំដើម្បីជួយជីវិតមនុស្ស ។

ឯកឧត្តមសាស្ត្រារ្យរដ្ឋមន្ត្រី បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ចំនួន ១២៩គ្រឿង ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner