សិស្សខ្មែរ ២រូប ធ្វើឱ្យពិភពលោក កាន់តែស្គាល់កម្ពុជា នោះគឺ ការចូលរួមប្រលងទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសិស្ស មកពី ១៨០ប្រទេស

(ភ្នំពេញ)៖ សិស្សខ្មែរ ២រូប ធ្វើឱ្យពិភពលោក កាន់តែស្គាល់កម្ពុជា តាមរយៈការចូលរួមប្រលងជាអន្តរជាតិ ទទួលបានចំណាត់ថ្នាក់លេខ១ ពិភពលោក ក្នុងចំណោមសិស្សដទៃមកពី ១៨០ប្រទេស លើមុខវិជ្ជាមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រងហិរញ្ញវត្ថុ និងមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម នៃកម្មវិធីសិក្សា គណនេយ្យករជំនាញ អេ ស៊ី ស៊ី អេ (ចក្រភពអង់គ្លេស) ហើយទទួលបានការរៀបចំកម្មវិធីអបអរសារទរ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដោយវិទ្យាស្ថានខេមអេដ ។

លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ មានប្រសាសន៍ដោយមោទកភាព ដែលនិស្សិត ២រូប រួមមាន៖ កញ្ញា រ៉េត ស៊ីវហុង បានទទួលចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក លើមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម (Foundations in Audit-FAU) និង លោក ពឹង ធៀមហេង ចំណាត់ថ្នាក់លេខ១ទូទាំងពិភពលោកលើមុខវិជ្ជាមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រងហិរញ្ញវត្ថុ (Foundations in Financial Management-FFM) នៃកម្មវិធីសិក្សាគណនេយ្យករជំនាញ អេ ស៊ី ស៊ីអេ (ចក្រភពអង់គ្លេស) ក្នុងឆមាសខែមិថុនា ឆ្នាំ២០២៤ ថ្មីៗកន្លងទៅនេះ។ ភាពជោគជ័យរបស់ប្អូនៗទាំង២ នៅក្នុងពេលនេះ មិនត្រឹមតែបង្ហាញពីសក្តានុពលរបស់ប្អូនៗទាំងពីរប៉ុណ្ណោះទេ តែក៏បង្ហាញពីការបង្កើនសម្ថភាព ក៏ដូចជាសក្តានុពលរបស់យុវជនកម្ពុជាទាំងមូល ក្នុងកាសិក្សារៀនសូត្រ មានជំនាញ និងសម្ថភាពខ្ពស់ក្នុងការប្រឡងយកជ័យលាភីល្អដាច់គេលើពិភពលោក ព្រោះថា ការប្រឡងដណ្ដើមយកជ័យលាភីលេខ១ លើមុខវិជ្ជាមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រងហិរញ្ញវត្ថុ និងមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម ពិតជាមានតម្លាភាព និងការប្រកួតប្រជែងខ្លាំងពីសំណាក់និស្សិតដែលសិក្សាកម្មវិធីនេះ បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប សិង្ហបុរី និងម៉ាឡេស៊ីជាដើម ។

លោកខេស៊ី បាណេត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត ងី តាយី ដែលជា បុគ្គលឆ្នើមក្នុងការផ្តួចផ្តើម ឲ្យមានការបង្កើតនូវស្តង់ដារគណនេយ្យ និងសវនកម្មសម្រាប់ប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៩៩។ វត្តមាននៃស្តង់ដារនេះ បានរួមចំណែកយ៉ាងសកម្ម ក្នុងការរីកចម្រើនទៅមុខនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលអាចឲ្យប្រទេសយើងមានស្តង់ដារគណនេយ្យ និងសវនកម្មរួមមួយ ស្របតាមស្តង់ដារអន្តរជាតិ ដែលអាចឲ្យយើងទាក់ទាញបានវិនិយោគិនបរទេសជាច្រើនមកបណ្តាក់ទុន នៅប្រទេសកម្ពុជា ។ លោកបញ្ជាក់ផងដែរថា ACCA គឺជាសមាគមគណនេយ្យករជំនាញធំជាងគេលើពិភពលោក មានទីស្នាក់ការនៅ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

លោក នូវ រតនា ប្រធានសមាគមគណនេយ្យករជំនាញ ACCA ប្រចាំប្រទេសកម្ពុជា និងឡាវ បានបង្ហាញពីកំណើនអ្នកជំនាញផ្នែកគណនេយ្យ នៅប្រទេសកម្ពុជា ដែលបើធៀបនឹងកាលពីជាង១០ឆ្នាំមុន អ្នកជំនាញលើផ្នែកនេះមានមិនដល់១០នាក់នោះទេ ខណៈបច្ចុប្បន្ន អ្នកជំនាញផ្នែកគណនេយ្យ និងសវនកម្មដែលជា សមាជិកនៃសមាគម ACCA មានរហូតដល់ជាង៣០០នាក់ និងនិស្សិតដែលបញ្ចប់កម្មវិធីសញ្ញាបត្រជំនាញ អ្នកបច្ចេកទេសផ្នែកគណនេយ្យ CAT មានរហូតដល់ជាង១០០០នាក់។

ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ប្រធានគណៈកម្មការចុះឈ្មោះ និងសមាជិកភាព បានចូលរួមអបអរសាទរដល់និស្សិតឆ្នើមទាំង២រូប ដែលធ្វើឱ្យលោកភ្ញាក់ផ្អើល ព្រោះសម្ថភាពនិស្សិត ដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានខេមអេដ តែងមានភាពទទួលបានជ័យលាភីឆ្នើមក្នុងការប្រឡងអន្តរជាតិនានា តួយ៉ាងដូចជាភាពជោគជ័យរបស់ កញ្ញា រ៉េត ស៊ីវហុង និងលោក ពឹង ធៀមហេង នាពេលនេះ។ វាមិនមែនត្រឹមតែផ្តល់នូវកិត្តិយលជូនគ្រួសារ តែវាក៏បានផ្តល់នូវកិត្តិយស ដ៏ធំធេងមិនអាច កាត់ថ្លៃបាន ជូនប្រទេសកម្ពុជាទាំងមូល ។

ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរដល់ប្អូនៗ មេត្តាបន្តយក ចិត្តទុកដាក់បន្ថែមទៀត ក្នុងការសិក្សារៀនសូត្រ និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន តាមរយៈការស្វែងរកនូវរបក គំហើញថ្មី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាវិស័យគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មនៅ ប្រទេសកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner