នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបក្រុមហ៊ុន«ហុងថន ខសបេធីក ឯក» លួចផលិតគ្រឿងសម្អាងគ្មានច្បាប់
ភ្នំពេញ៖ ទីតាំងក្រុមហ៊ុនយីហោ«ហុង ថន ខសបេធីក ឯក» ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចុះឆែកឆេរក្រោយរកឃើញថា មានការលួចផលិតគ្រឿងសម្អាង (ឡេ) គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ បន្ទាប់ពីសមត្ថកិច្ចធ្វើការហ៊ុមព័ន្ធទីតាំងនេះអស់រយៈពេល២យប់ទៅហើយ ទើបខាងម្ចាស់ផ្ទះអនុញ្ញាតឲ្យចូលត្រួតពិនិត្យ។
ករណីចុះបង្រ្កាបទីតាំងលួចលាយឡេខុសច្បាប់ខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ត ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង១០និង២០នាទីព្រឹក ស្ថិតនៅផ្ទះល្វែងមួយកន្លែងដាក់ស្លាកក្រុមហ៊ុនយីហោ«ហុង ថន ខសបេធីក ឯ ក» តាមបណ្ដោយផ្លូវបេតុង ស្ថិតនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ដឹកនាំដោយឯកឧត្ដមឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន សហការជាមួយមន្ដ្រីក្រសួងសុខាភិបាល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលពីអ្នកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយប្រតិបត្តិការរួច កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ រកឃើញថាទីតាំងខាងលើនេះ លួចផលិតឡេគ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត ផលិតផលសរុបចំនួន២៥មុខ=១២,០៦១គីឡូក្រាម ឧបករណ៍ផលិត១២គ្រឿង វត្ថុធាតុដើម១១៥ធុង។ បច្ចុប្បន្នទីតាំងខាងលើនេះ ត្រូវសមត្ថកិច្ចបិទអាជីវកម្មបណ្ដោះអាសន្នសិន និងនាំខ្លួនម្ចាស់ទីតាំងយកទៅសាកសួរ ដើម្បីបន្តនីតិវិធី៕ធ.ដ