ម្ចាស់កសិដ្ឋានចិញ្ចឹមគោ ប្រាប់ថា ​គោប្រាម៉ាន់ផ្តល់ចំណូលខ្ពស់

កំពង់ធំ៖ លោក អន ចំរ៉ើន  ប្រធានបច្ចេកទេសទីផ្សារតំបន់​កំពង់ធំ​នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤បានដឹកនាំក្រុមភ្នាក់ងារ សត្វភូមិ​និងយុវជន ដែលជាសិក្ខាកាមទៅអនុវត្តជាក់ស្ដែងនៅ​កសិដ្ឋាន​ចិញ្ចឹមគោប្រាម៉ាន់ ស្ថិតនៅសង្កាត់ដំរីជាន់ខ្លា ក្រុង ស្ទឹងសែនខេត្ត​កំពង់ធំបន្ទាប់ពីទទួលបានបណ្ដុះបណ្ដាលលើផ្នែកទ្រឹស្តីរយៈពេលមួយថ្ងៃរួចមក។នៅទីនោះសិក្ខាកាមបានជ្រួតជ្រាប បន្ថែមលើការ​បង្កាត់​ពូជគោប្រាម៉ាន់សិប្បនិម្មិត។

លោក តឹប ម៉េងលឹម ម្ចាស់កសិដ្ឋានចិញ្ចឹមគោប្រាម៉ាន់ស្ថិត​នៅ​ភូមិពោធិ៍ក បានអធិប្បាយថាកន្លងមកលោកចិញ្ចឹមពូជគោក្នុង
ស្រុកធម្មតារយៈពេល១០ឆ្នាំមកហើយ ។ការចិញ្ចឹមគោក្នុងស្រុក លទ្ធផលពុំសូវមានការរីកចម្រើនទេដោយសារតម្លៃទីផ្សារ កាន់តែ​ទាប។ដូច្នេះលោកបានទៅរៀនសូត្រតាមរយៈអង្គការ​ដៃគូផ្សេងៗ ពិសេសគឺ ក្រុមហ៊ុន អេសវី រេញ អ៉ីនវេសម៉ិន ខេមបូឌាំ (SV Ranch Investment Cambodia)ដែលបានបង្រៀនពីបច្ចេកទេស​ក្នុង​ការបង្កាត់ពូជគោប្រាម៉ាន់ដល់ពួកគាត់។

លោកបន្តទៀតថាតាមរយៈនៃការសិក្សានិងការចិញ្ចឹមពូជគោប្រាម៉ាន់បានធ្វើឱ្យគ្រួសារលោកមានជីវភាពភាពល្អប្រសើរថែមទៀត។លោក​ថាគ្រួសារលោកបានទទួលចំណូលច្រើនដោយការចិញ្ចឹមគោបែបបច្ចេកទេសដែលជាតម្រូវទីផ្សារនិងមានតម្លៃខ្ពស់។គោប្រាម៉ាន់មាន​ទម្ងន់​ធ្ងន់ជាងគោធម្មតា។ការចិញ្ចឹមគោក្នុងស្រុកប្រើរយៈពេលដូចគ្នាប៉ុន្តែ​ផលចំណេញគឺចិញ្ចឹមគោសិប្បនិម្មិតប្រាម៉ាន់នេះផ្ដល់អត្ថប្រយោជន៍ជាច្រើន។

តាមរយៈសិក្ខាកាម លោកបានបញ្ជូនជាសារដល់ប្រជាពលរដ្ឋថា ការចិញ្ចឹមគោប្រាម៉ាន់ផ្តល់នូវចំណូលច្រើន ព្រោះតម្រូវ ទីផ្សារត្រូវការ​សាច់ស្រស់មានគុណភាព។ ចំណែកឯតម្លៃវិញក៏មានតម្លៃថ្លៃនិងរក​ប្រាក់​ចំណូលបានងាយស្រួលព្រមទាំង ចំណេញពេលវេលា។

លោក អន ចំរ៉ើន បានបញ្ជាក់ពីគោលដៅសំខាន់ៗទាក់ទងនឹងការ​បង្កាត់ពូជគោប្រាម៉ាន់ដែលធានាបានទាំងបរិមាណនិង គុណភាព។លោកថាសិក្ខាកាមនឹងពង្រឹងសមត្ថភាពកសិករខ្នាតតូចឱ្យមានជំនាញចិញ្ចឹមគោប្រាម៉ាន់តាមបែបវិទ្យាសាស្រ្តទំនើប។ទទួលបាន​ចំណេះ​ដឹងលើការអភិវឌ្ឍសហគ្រាសផលិតចំណីគោតាមស្តង់ដាអន្តរជាតិ។អភិវឌ្ឍសហគ្រាសផលិតសាច់គោស្រស់និងប្រកបទៅដោយអនាម័យនិងគុណភាព។ពង្រឹងភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធព្រម​ទាំង​វិស័យឯកជនដើម្បី ជំរុញចិញ្ចឹមពូជគោប្រាម៉ាន់នៅកម្ពុជា៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner