នៅថ្ងៃទី១៨ ខែកញ្ញា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននឹងធ្វើបទបង្ហាញអំពីព្រំដែនកម្ពុជា ជាមួយប្រទេសវៀតណាម ឡាវ និងថៃ ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននឹងធ្វើបទបង្ហាញអំពីព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសវៀតណាម ឡាវ និងថៃ ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ ការធ្វើបទបង្ហាញនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពឱ្យឯកឧត្តមបណ្ឌិត ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មកធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា រវាងប្រទេសឡាវ-វៀតណាមនិងថៃ តាមការស្នើសុំរបស់លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
ការឯកភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈចំណារលើលិខិតស្នើរបស់លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានដាក់លិខិតគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ស្នើសុំអញ្ជើញឯកឧត្តមបណ្ឌិត ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មកធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជារវាងប្រទេសឡាវ-វៀតណាម និងថៃ។
ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ បានជម្រាបជូនសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ យោងតាមព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន ដែលបង្កើតឡើងដោយក្រុមជ្រុលនិយម ដែលមានមេក្លោងជាជនក្បត់ជាតិ៣ជំនាន់ ដើម្បីធ្វើជាលេសក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ប្រតិភូគណបក្សធម្មាធិបតេយ្យ មានបំណងស្នើសុំអញ្ជើញឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មកធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជារវាងប្រទេសឡាវ-វៀតណាម និងថៃ ដែលរាជរដ្ឋាភិបាលបានធ្វើរួចហើយ ឲ្យប្រតិភូយើងបានយល់ច្បាស់ ដើម្បីជាចំណេះដឹងមូលដ្ឋានគ្រឹះ ងាយស្រួល យកទៅពន្យល់ប្រជាពលរដ្ឋខ្មែរឲ្យពួកគាត់បានយល់ច្បាស់ កុំឱ្យជឿតាមល្បិចកលទុច្ចរិតរបស់ពួកក្រុមជ្រុលនិយមទៀត៕
ដោយ៖ពលជ័យ