សម្តេចតេជោ ហ៊ុន សែន ត្រូវបានសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ របស់កូរ៉េខាងត្បូង ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»

(កូរ៉េខាងត្បូង)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ត្រូវបានសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ របស់កូរ៉េខាងត្បូង ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ។ នៅក្នុងឱកាសនៃការអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ក៏បានអញ្ជើញធ្វើបាឋកថា ស្តីពី «បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ» ផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមអាចឆេះបានយ៉ាងលឿន ហើយងាយ ប៉ុន្តែការបញ្ឈប់សង្គ្រាម និងការកសាងសន្តិភាព ត្រូវការពេលវេលាយូរណាស់ ។ ជាក់ស្តែង ចាប់តាំងពីប្រទេសកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ដោយសាររដ្ឋប្រហារទម្លាក់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៧០នោះមក ប្រទេសកម្ពុជាត្រូវការពេលវេលាជិត ៣០ឆ្នាំ ទម្រាំអាចកសាងបាននូវសន្តិភាពពិតប្រាកដ ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់នៃនយោបាយឈ្នះ-ឈ្នះនៅចុងឆ្នាំ១៩៩៨។

សម្តេចរំលឹកថា ក្នុងចំណោមប្រទេសដែលទទួលបានការអន្តរាគមន៍ពីកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដូចកម្ពុជា នៅអំឡុងទសវត្សឆ្នាំ១៩៩០ ប្រទេសជាច្រើនកំពុងតែនៅវិលវល់នៅក្នុងភ្លើងសង្គ្រាមនៅឡើយទេ។ នេះគឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមានភាពម្ចាស់ការខ្ពស់លើសុខសន្តិភាពរបស់ខ្លួន។ ខ្លួនសម្ដេចតេជោផ្ទាល់ គឺជាអ្នកពុះពារស្វែងរកការជួបចរចាសន្តិភាពដំបូងក្នុងឆ្នាំ១៩៨៧ ជាមួយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលជាចំណុចចាប់ផ្តើមជំរុញឱ្យមានការចរចាជាមួយភាគីខ្មែរដទៃទៀត ទម្រាំសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ពេលខ្លះ ការចរចាមានភាពតានតឹង ហើយសម្តេចតេជោត្រឡប់មកវិញដោយដៃទទេ ប៉ុន្តែសន្តិភាពសម្រាប់ប្រជាជនខ្មែរទាំងមូល គឺជាកម្លាំងចិត្តរុញឱ្យសម្តេចតេជោខិតខំចរចា ព្រោះសម្តេចតេជោដឹងថា មិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ។ ទស្សនវិជ្ជានេះ សម្តេចតេជោក៏បានយកមកប្រើដូចគ្នាក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីជំរុញការបង្រួបបង្រួមជាតិ និងការធ្វើសមាហរណកម្មកម្លាំងខ្មែរក្រហមទៅក្នុងកងយោធពលខេមរភូមិន្ទ។

ជាមួយនឹងបទពិសោធន៍ឆ្លងកាត់ និងកាន់ចង្កូតប្រទេសជាតិនៅក្នុងរបត់នៃប្រវត្តិសាស្ត្ររាប់មិនអស់ សម្តេចតេជោអាចចែករំលែកគំនិតជាមូលដ្ឋានមួយថា ភាពជាអ្នកដឹកនាំ គឺការហ៊ានសម្រេចចិត្តក្នុងស្ថានភាពស្រពិចស្រពិល មានគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ទោះបីជាមិនមានការគាំទ្រ និងមធ្យោបាយពេញលេញយ៉ាងណាក្តី ។ ប៉ុន្តែការសម្រេចចិត្តក៏ត្រូវមានត្រីវិស័យ និងគោលការណ៍កំណត់ច្បាស់លាស់ ហើយសម្រាប់ សម្តេចតេជោ ហ៊ុន សែន គោលការណ៍ដែលសំខាន់បំផុតនោះ គឺផលប្រយោជន៍ជាតិ និងភាពសុខសាន្តរបស់ប្រជាជាតិខ្មែរទាំងមូល។ ការសម្រេចចិត្តរបស់ សម្តេចតេជោ គឺតែងតែឈរលើគោលការណ៍បង្កើតសន្តិភាព និងការពារសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងការអភិវឌ្ឍ មិនមែនដើម្បីបង្កើតសង្គ្រាម ការបែកបាក់ និងចលាចលសង្គមនោះទេ។ ដូច្នេះនយោបាយដែលផ្តល់គុណតម្លៃដល់សន្តិភាព គឺជាចន្ទល់បង្អែក និងខែលការពារដ៏រឹងមាំបំផុតដែលជួយការពារធម្មានុរូប និងសុចរិតភាពនៃភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ក៏ដូចជាសង្គមជាតិទាំងមូលនៅលើមាគ៌ាដ៏សែនលំបាកនៃការកសាង និងអភិវឌ្ឍជាតិ។

ក្នុងស្មារតីដូចគ្នានេះ ទស្សនវិស័យរបស់កម្ពុជាចំពោះសន្តិភាពក្នុងតំបន់ និងពិភពលោក គឺស្ថិតនៅលើការខិតខំរក្សាសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់ និងការជំរុញកិច្ចសហប្រតិបត្តិការដែលផ្អែកលើគោលការណ៍ពហុភាគីនិយម បូករួមទាំងគោលការណ៍នៃការគោរព ការជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ការផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីធានាបាននូវសាមគ្គីភាពអន្តរជាតិ ភាពសុខដុម និងសន្តិសហវិជ្ជមានរវាងប្រជាជាតិ។ ពិភពលោករស់នៅក្នុងស្ថានភាពដែលពឹងផ្អែកគ្នាទៅវិញទៅមក ដូច្នេះហើយសន្តិភាពនិងសន្តិសុខរបស់ប្រទេសនីមួយៗ និងអាយុជីវិតរបស់ប្រជាជាតិនីមួយៗ គួរតែមានតម្លៃដូចគ្នា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទាំងនេះគឺជាកាតព្វកិច្ចរបស់អ្នកដឹកនាំគ្រប់រូបនៅលើពិភពលោកក្នុងការកសាងសន្តិភាព និងវិបុលភាព ប្រកបដោយបរិយាបន្នសម្រាប់មនុស្សជាតិទាំងមូល។ នៅពេលដែលយើងបានគិតគូរដល់គុណប្រយោជន៍ជារួមនៃសន្តិភាព ដោយគ្មានការរើសអើង, យើងនឹងអាចស្វែងរកចំណុចរួម និងចំណុចចាប់ផ្តើមក្នុងការចូលទៅកាន់តុចរចា ដើម្បីបង្រួមការខ្វែងគំនិតគ្នា បន្ធូរបន្ថយភាពតានតឹង និងការដោះស្រាយជម្លោះដោយសន្តិវិធី។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ទៀតថា សន្តិភាព គឺងាយនឹងបាត់បង់ ដូច្នេះទន្ទឹមគ្នា​នឹងការខិតខំកសាងសន្តិភាព យើងទាំងអស់គ្នាក៏ចាំបាច់ត្រូវ​មានកាតព្វកិច្ច ការពារសន្តិភាពដែលមានស្រាប់ផងដែរ ដោយត្រូវដាក់ចិត្តដាក់កាយរំលឹកនឹកដល់អ្នកជំនាន់មុនដែលបានឆ្លងកាត់សង្គ្រាម និងរំលឹកខ្លួនឯងជានិច្ចជាកាល ប្រៀបធៀបជាមួយនឹងប្រជាជន និងប្រទេសនានា ដែលពុំទាន់បានស្គាល់អ្វីដែលហៅថាសន្តិភាពនោះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ ទទក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner