សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអភិសេកព្រះបដិមា ដែលបានធ្វើមាតុភូមិនិវត្តន៍វិញ រក្សាទុកក្នុងសារមន្ទីរជាតិ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាឧត្តមភរិយា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី អភិសេកព្រះបដិមា ដែលបានធ្វើមាតុភូមិនិវត្តន៍វិញ រក្សាទុកក្នុងសារមន្ទីរជាតិ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ។

នៅក្នុងពិធីតាមបែបសាសនាដែលប្រារព្វធ្វើឡើងនៅរានហាលមុខអគារសារមន្ទីរជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបូជាផ្កាភ្ញីទឹកអប់ប្រេងម៉្សៅទៀនធូបលើទីអសនៈទិសទាំង៤ ដែលរៀបចំនូវរណ្តាប់ផ្លែឈើនំចំណីយ៉ាងល្អវិចិត្រ ការប្រគុំតន្រ្តីប្រពៃណី ជាកិច្ចរំលឹកដល់គុណបុណ្យបារមី វត្ថុស័ក្តិសិទ្ធទេវតាថែរក្សាការពារសារមន្ទីរជាតិ ដើម្បីប្រោសព្រំដល់តេជៈបារមីថែរក្សាការពារព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ដ៏ត្តជាក់នៃអង្គព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ និងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា។

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បួងសួងសុំសេចក្តីសុខ ត្រជាក់ត្រជុំចម្រុងចម្រើន នៅថ្ងៃ ១៥កើតពេញបូណ៌មីនេះ ចូលកើតមានដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមសមប្រកបតែនិងសុខសុភមង្គល វិបុលសុខគ្រប់ប្រការ ជានិច្ចនិរន្តរ៍តរៀងទៅកុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ ចាប់តាំងពីពេលនេះតរៀងទៅ ។

សារមន្ទីរជាតិ គឺជាសារមន្ទីរធំជាងគេ នៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់។ សារមន្ទីរជាតិ មានរក្សាទុករូបសំណាក និងភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជា ចំនួនជាង១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និង សម័យក្រោយៗមកទៀត។ សារមន្ទីរជាតិ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។ អគារសារមន្ទីរ ដែលត្រូវបានបំផុសគំនិត ដោយស្ថាបត្យកម្មប្រាសាទខ្មែរ ត្រូវបានសាងសង់នៅចន្លោះឆ្នាំ១៩១៧ និងឆ្នាំ១៩២៤ ក្នុងរាជ្យរបស់ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ។

សារមន្ទីរនេះត្រូវបានសម្ពោធជាផ្លូវការនៅឆ្នាំ១៩២០ ហើយត្រូវបានជួសជុលឡើងវិញនៅឆ្នាំ១៩៦៨។ សារមន្ទីរជាតិ ជាសារមន្ទីរប្រវត្តិសាស្ត្រវប្បធម៌ដ៏ចំណាស់និងធំបំផុត ក៏ជាសារមន្ទីរប្រវត្តិសាស្ត្រ បុរាណវត្ថុឈានមុខគេរបស់ ប្រទេសកម្ពុជាផងដែរ។ សារមន្ទីរនេះ មានបណ្តុំសិល្បៈខ្មែរដ៏ធំបំផុតមួយរបស់ពិភពលោក រួមទាំងចម្លាក់ វត្ថុមានតម្លៃ លង្ហិន និងស្ថាបត្យកម្មមួយចំនួន ត្រូវបានរក្សាទុកនៅឯសារមន្ទីរជាតិនេះ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត អញ្ជើញថ្វាយផ្កាភ្ញី និងទឹកអប់ប្រេងម៉្សៅប្រកបដោយគុណពិដោរ នៅតាមព្រះបដិមាតូចធំក្នុងសារមន្ទីរជាតិ ពិសេស ព្រះបដិមាវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញ កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤កន្លងទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ការរៀបចំពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូន ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបានរសាត់ចាកឆ្ងាយ ពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំ ដែលបង្កឡើង ដោយសង្គ្រាម អំពើចោរកម្ម និងការជួញដូរខុសច្បាប់ ទៅក្រៅប្រទេស។

ការយាងត្រឡប់មកវិញ នៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិនិងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេសរដ្ឋាភិបាល សហរដ្ឋអាមេរិក តាមរយៈ រដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូង ក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញា សង្កាត់ម៉ាន់ហាថាន។

សម្បត្តិវប្បធម៌ខ្មែរសរុបចំនួន ៧០រូប ដែលកម្ពុជា ទទួលកាលពីពេលថ្មីកន្លងមកនេះ តាមរយៈការប្រគល់ ដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស ការទាមទារ និងតាមផ្លូវតុលាការ បានត្រូវប្រគល់មកវិញពី គ្រួសារ Lindemann, លោក James Clark និងសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក ព្រមទាំងពីម្ចាស់សមុច្ច័យ ឯកជននានានៅសហរដ្ឋអាមេរិក”។ ក្នុងចំណោមវត្ថុពិចិត្រទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗដ៏ប្រណីតដូចជា បដិមា ទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរ នៃព្រះលោកេសូរ ដែលត្រូវបានផ្តុំភ្ជាប់ឡើងវិញ ជាមួយនឹងដងខ្លួនរបស់ព្រះអង្គ ស្ថិតនៅសារមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នា អស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្គ្រាម និងការ ជួញដូរខុសច្បាប់។

សម្តេចព្រះសង្ឃនាយកស្តីទី សម្តេចព្រះមង្គលទេព្វាចារ្យ សម្តេចព្រះរាជាគណៈគ្រប់អង្គ ប្រោសព្រំពុទ្ធជ័យមង្គលវិបុលសុខ គ្រប់ប្រការ ដល់ដួងព្រលឹងនៃព្រះបដិមាគ្រប់អង្គដែលបានវិលត្រឡប់ពីបរទេស មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលបានតម្កល់ នៅក្នុងសារមន្ទីរជាតិ សូមបារមីព្រះបដិមាគ្រប់អង្គគង់ ប្រថាប់ស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាថ្មីឡើងវិញនេះ សូមតាមឃុំគ្រងបីបាចើថែរក្សាការពារព្រះរាជាណាចក្រកម្ពុជា សមប្រកបតែសេចក្តីសុខ សេចក្តីចំរើន ក្រោមម្លប់សន្តិភាព ជាយូរអង្វែង ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារទាំងអស់ រស់នៅរកស៊ីទទួលទានត្រជាក់ត្រជុំថ្កើនថ្កាន និងរួចចាកផុតទុក ពីទោសទុក្ខផងទាំងពួងចាប់ពីថ្ងៃនេះតរៀងទៅ កុំបីភ្លាំងភ្លាត់ដោយប្រការណាមួយ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner