នាយករដ្ឋមន្ត្រីសិង្ហបុរីក្លាយជាមេដឹកនាំមានប្រាក់ខែខ្ពស់ជាងគេលើលោក

បរទេស៖ ជាការភ្ញាក់ផ្អើលដ៏ខ្លាំងសម្រាប់សិង្ហបុរី ដែលជាប្រទេសកោះតូចមួយ ប៉ុន្តែ លោក នាយករដ្ឋមន្ត្រី លោក Lawrence Wong បានវ៉ាដាច់មេដឹកនាំពិភពលោកទាំងអស់ ដែលទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ ចំនួន២លាន២០ម៉ឺនដុល្លារអាមេរិក នេះបើយោងតាមទស្សនាវដ្តី Forbes ចុះផ្សាយដោយគេហទំព័រអាមេរិក Yahoo នៅថ្ងៃអង្គារនេះ។

ប្រភពបន្តឲ្យដឹងថា លោក Wong រកប្រាក់ចំណូលបានច្រើនជាងសមភាគីរបស់លោក នៅក្នុងប្រទេសស្វីស, អូស្ត្រាលី, សហរដ្ឋអាមេរិក និងអូទ្រីស ដែលប្រមូលផ្តុំដោយមេដឹកនាំកំពូលទាំង៥ រកចំណូលបានច្រើនជាងគេបង្អស់។ ប្រភពថា ប្រធានាធិបតីស្វីសរកបាន ៥៧ម៉ឺនដុល្លារ នៅក្នុងឆ្នាំ, នាយករដ្ឋមន្ត្រីអូស្ត្រាលី រកបានជាង៤១ម៉ឺនដុល្លារ ហើយប្រធានាធិបតីអាមេរិក Jo Biden រកបាន៤០ម៉ឺនដុល្លារ។

បើទោះបីជា Yahoo មិនបានបង្ហាញលម្អិត អំពីដើមចមនាំឲ្យមេដឹកនាំរូបនេះ ត្រូវបានបង្កើនប្រាក់បៀវត្សរ៍ ដល់ចំណុចកំពូលក៏ដោយ ក៏មានការចុះផ្សាយអំពីវិស័យពាណិជ្ជកម្មអេឡិចត្រូនិក របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅតែបន្តរីកចម្រើនខ្លាំង ដូចជា Shopee, Lazada និង Amazon ជាដើម ដែលសុទ្ធតែបានឈរនៅលើតារាងនៃគេហទំព័រ ដែលមានអ្នកចូលមើលច្រើនបំផុត ហើយបរិមាណទំនិញសរុបលើទីផ្សារមួយនេះ កំពុងស្ថិតនៅលើផ្លូវកើនឡើងឈានដល់ ១៣ពាន់លានដុល្លារ នៅឆ្នាំ២០២៥ នេះបើយោងតាមវេទិកាស៊ើបការណ៍អាជីវកម្ម ហៅកាត់ Statista ។

មួយវិញទៀត សិង្ហបុរីក៏ទើបតែជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីប្រទេសល្អបំផុតមួយ លើពិភពលោក ក្នុងឆ្នាំ២០២៤ ទៀតផង នេះបើយោងតាមទីភ្នាក់ងារ US News & World Report។ សិង្ហបុរីក៏ត្រូវបានគេស្គាល់ថា ជាប្រទេសមានច្បាប់ដ៏តឹងរ៉ឹង និងស្តង់ដាររស់នៅខ្ពស់ ហើយជាមជ្ឈមណ្ឌល សម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងការច្នៃប្រឌិត។

បើទោះបីជាមានការប្រែប្រួលនៃទីផ្សារអចលនទ្រព្យ ទូទាំងពិភពលោកក៏ដោយ ទីក្រុងសិង្ហបុរី បានស្ថិតក្នុងចំណោមទីក្រុងលេចធ្លោកម្រិតអន្តរជាតិកំពូលសម្រាប់ការវិនិយោគអចលនទ្រព្យ ទាំងបួន ផងដែរ៕

ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner