ក្រសួងការងារ និង AFD ឯកភាពបន្តកិច្ចសហប្រតិបត្តិការលើទំនើបកម្ម នៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង​ទីភ្នាក់​ងារអភិវឌ្ឍន៍បារាំង (AFD) បានឯកភាពបន្តកិច្ចសហប្រតិបត្តិការគាំទ្រ​ធ្វើទំនើប​កម្មនៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET ) ដើម្បីបំពេញ​តម្រូវ​ការ​ក្នុងវិស័យឧស្សាហកម្មនាពេលអនាគត។

ការលើកឡើងនេះ ក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោក ស៊ីរីល ប៊ែលលី​យេ (Cyrille Bellier) ប្រធាននាយកដ្ឋានអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ី នៃទីភ្នាក់ងារអភិ​វឌ្ឍន៍​បារាំង ដើម្បីពិភាក្សាពីដំណើរការអនុវត្តគម្រោង​មួយចំនួន​ទាក់ទងនឹងប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទីស្ដីការក្រសួង នៅរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូ AFD ដែលដឹកនាំដោយលោក ស៊ីរីល ប៊ែលលីយេ ហើយឯកឧត្តមរដ្ឋមន្រ្តីបានជំរាបពីកិច្ចខិតប្រឹងប្រែងរបស់​រាជរដ្ឋា​ភិ​បាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរៀបចំផែនការ​សកម្មភាពក្នុងការពង្រឹងជំនាញសម្រាប់ប្រជាពលរដ្ឋ និងយុវជនឱ្យទទួលបានជំនាញ បច្ចេកទេស និងវិជ្ជាជីវៈថ្មីៗ ដើម្បីឆ្លើយតបតាមតម្រូវការឧស្សាហកម្មនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្រសួងការងារកំពុងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយ​វិស័យ ឯកជន និងជំរុញការពង្រឹងគុណភាពនៃគ្រឹះស្ថានបណ្តុះបណ្តាលនីមួយៗ ដើម្បី​ដោះស្រាយតម្រូវការកម្លាំងពលកម្មរបស់ប្រទេសកម្ពុជានៅក្នុងឧស្សាហកម្មសំខាន់ៗដូចជា អគ្គិសនី អេឡិចត្រូនិក មេកាត្រូនិច និងការផលិតផ្សេងៗទៀត។

លោក ស៊ីរីល ប៊ែលលីយេ បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្ដល់ឱកាសឱ្យប្រតិភូលោកបានជួបពិភាក្សាការងារទាក់ទងនឹងការអភិវឌ្ឍវិស័យច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

យ៉ាងណាក៏ដោយ ប្រធាន AFD បានសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទៅលើការគាំទ្រទំនើបកម្មនៃហេដ្ឋារចនាសម្ព័ន្ធ ព័ត៌មានវិទ្យា និងការអភិវឌ្ឍវិទ្យាស្ថានសិក្សាលើជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner