កម្ពុជា និងម៉ាឡេស៊ី ដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែន តាមរយៈកម្មវិធីទូទាត់បាគង និងធនាគារ មេយប៊ែង

(ភ្នំពេញ)៖ កម្ពុជា និងម៉ាឡេស៊ី ដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែន តាមរយៈកម្មវិធីទូទាត់បាគង និងធនាគារ មេយប៊ែង ដែលគម្រោងនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសទាំងពីរ ។ នេះជាការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងឱកាសដែលធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្តាលម៉ាឡេស៊ី (BNM) ដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) រវាង កម្ពុជា និង ម៉ាឡេស៊ី ដោយមានធនាគារ មេឃប៊ែង ជាធនាគារប្រតិបត្តិការ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។

លោកជំទាវបណ្ឌិត ជា សិរី បន្តថា នៅក្នុងដំណាក់កាលទី១ នៃគម្រោងតភ្ជាប់នេះ ប្រជាជនកម្ពុជា អាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធី ធនាគារចល័ត មេយប៊ែង សម្រាប់ទូទាត់នៅប្រទេសម៉ាឡេស៊ី ដោយស្កេនឃ្យូអរកូត នៅតាមទីតាំងពាណិជ្ជករដោយផ្ទាល់បានយ៉ាងងាយស្រួល ។ ប្រជាជនកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចធ្វើការទូទាត់ដោយប្រើរូបិយប័ណ្ណរៀលខ្មែរ (KHR) ជារូបិយប័ណ្ណគោល ខណៈរូបិយប័ណ្ណទូទាត់ជា រីងហ្គីតម៉ាឡេស៊ី (MYR)។ គម្រោងទូទាត់ឆ្លងដែននេះ នឹងផ្តល់នូវភាពងាយស្រួល រហ័ស និងសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា ក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែន នៅពេលធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។ ការពង្រីកបណ្តាញទូទាត់យ៉ាងទូលំទូលាយនេះ នឹងធានាថា អ្នកប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័ត មេយប៊ែង អាចទទួលបានបទពិសោធន៍ទូទាត់យ៉ាងរលូន និងងាយស្រួលនៅទូទាំងប្រទេសម៉ាឡេស៊ី ។

លោកជំទាវ ទេសាភិបាល បញ្ជាក់ថា៖ ព្រឹត្តិការណ៍នេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងធនាគារកណ្តាលទាំងពីរ និងដៃគូសហការរបស់យើងនៅប្រទេសទាំងពីរ ដែលបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះ ទៅសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន លើការតភ្ជាប់ប្រព័ន្ធទូទាត់រាយ ដែលមានភាពរហ័ស ប្រសិទ្ធភាព និងសុវត្ថិភាព និងដែលត្រូវបានតភ្ជាប់ទូទាំងតំបន់ ។ ការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ សម្រេចទៅបានដោយមាន កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំពីសំណាក់ដៃគូសំខាន់ៗ ពីប្រទេសទាំងពីរ រួមមាន ប្រព័ន្ធទូទាត់បាគង របស់ធនាគារជាតិនៃកម្ពុជា និង Payment Network Malaysia (PayNet) និង ធនាគារ មេយប៊ែង ដែលជាធនាគារប្រតិបត្តិការ ។

លោកជំទាវបណ្ឌិត បានបន្ថែមថា នៅដំណាក់កាលបន្ទាប់ ប្រជាជនមកពីប្រទេសម៉ាឡេស៊ី នឹងអាចប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារពាណិជ្ជជាសមាជិក ដើម្បីស្កេនខេអេចឃ្យូអរកូត (KHQR Code) ទៅកាន់ពាណិជ្ជករនៅក្នុងប្រទេសកម្ពុជា។ ដំណើរអភិវឌ្ឍន៍មួយជំហានទៀតនេះ នឹងជួយជំរុញពាណិជ្ជកម្មឆ្លងដែន និងផ្ដល់ជាកាលានុវត្តភាពដល់ពាណិជ្ជករ ជាពិសេសអាជីវកម្មតូចៗ អាចទទួលបានប្រតិបត្តិការទូទាត់កាន់តែទូលំទូលាយពីអតិថិជន ដែលមកពីប្រទេសម៉ាឡេស៊ី ហើយនឹងជំរុញសកម្មភាពពាណិជ្ជកម្ម លើកកម្ពស់វិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ។

សូមជម្រាបថា ដំណើរឆ្ពោះទៅរកការទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងកម្ពុជា និងម៉ាឡេស៊ី បានចាប់ផ្តើមនៅឆ្នាំ២០២១ នៅពេលធនាគារជាតិនៃកម្ពុជា និងធនាគារ មេយប៊ែង បានដាក់សម្ពោធឱ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងដែនដំបូងគេបង្អស់រវាងកម្ពុជា និងម៉ាឡេស៊ី ដោយតភ្ជាប់ប្រព័ន្ធធនាគារ មេយប៊ែង ទៅនឹងប្រព័ន្ធបាគង។ បន្ទាប់មក នៅដើមឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ដោយផ្តោតទៅលើការតភ្ជាប់ការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ ឱ្យកាន់តែងាយស្រួល សុវត្ថិភាព ឆាប់រហ័ស និងតម្លៃសមរម្យ ។

បច្ចុប្បន្ន កម្ពុជា បានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម ឡាវ និងបណ្ដាប្រទេសមួយចំនួន ខណៈថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា និងធនាគារភ្នំពេញពាណិជ្ជ ទើបបានដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែន តាមឃ្យូអរកូត (QR Code) ដំណាក់កាលទី១ រវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា ផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner