អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃ​អង្គភាព​ពាក់ព័ន្ធជុំវិញខេត្តកំពង់ស្ពឺ

ភ្នំពេញ៖អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំសិក្ខា​សាលា​ផ្សព្វផ្សាយ​អំពីបេសកកម្មការងារ​របស់ខ្លួន​ក្រោមអធិបតីភាព ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួង​យុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. តំណាងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.។ សិក្ខាសាលាផ្សព្វផ្សាយនេះនា​សាលប្រជុំនៃសាលា​ខេត្តកំពង់ស្ពឺកាល​ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី​សំណាក់ឯកឧត្តម​ មាស​ សុកែវ​ សមាជិកនៃ អ.ដ.ក. ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក តំណាងស្នងការដ្ឋាន​នគរបាលខេត្ត តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ​ជុំវិញខេត្ត រដ្ឋបាលឃុំ សង្កាត់ប្រមាណ ១៦០ នាក់។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ប៉ូច សោភ័ណ បានលើកឡើងអំពី​សារៈសំខាន់នៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ​ប្រព័ន្ធ​តុលាការ ហៅកាត់ថា អ.ដ.ក. ដែលជាយន្តការបំពេញបន្ថែមលើ​យន្តការ​ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់​នៅកម្ពុជា​ ក៏ដូចជារួមចំណែកលើកកម្ពស់យន្តការនៃការ​សម្រុះសម្រួល​ផ្សះផ្សា​វិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងកាន់តែប្រសិទ្ធភាពក្នុងការ​ដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។

ឯកឧត្តមបានគូសរំលេចថា ការបង្កើត​ អ.ដ.ក. នេះ ក៏ជាសមិទ្ធផល​ជាក់ស្តែងមួយក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងភាព​ប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំដៅ​សម្រេច​ឱ្យបាននូវទិសដៅ និងគោល​នយោបាយ​ពាក់ព័ន្ធនឹងការ​កែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ។

ការរៀបចំសិក្ខាសាលានេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងមួយរបស់ អ.ដ.ក. ឈ្មោះថា “គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន” ដែលគម្រោង​នេះផ្តោតជាសំខាន់លើសកម្មភាពចំនួន ២ គឺ ទី១-ការផ្សព្វផ្សាយអំពី​បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ​ប្រព័ន្ធតុលាការជូន​ដល់មន្ត្រីនៅថ្នាក់ក្រោមជាតិ, ទី២-រៀបចំវគ្គបណ្តុះបណ្តាលលើ​ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ សំដៅពង្រឹងសមត្ថភាពដល់​មន្ត្រី​ទទួលបន្ទុកការងារដោះស្រាយវិវាទនៅតាមមូលដ្ឋាន។

សូមជម្រាបថា ខេត្តកំពង់ស្ពឺ គឺជាខេត្តគោលដៅទី ៥ បន្ទាប់ពី​ខេត្តបាត់ដំបង, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង ដែល អ.ដ.ក. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះ​បណ្តាលពង្រឹងសមត្ថភាពនេះ ហើយនាពេលខាងមុខ អ.ដ.ក. នឹងបន្តអនុវត្ត “គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន” ដល់រដ្ឋបាលរាជធានី ខេត្តទាំងអស់ទូទាំងប្រទេស៕


ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner