ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ ទោះបីជាកម្ពុជា មានអត្រាបន្ទុកជំងឺរបេងថយចុះច្រើនជាងគេ ក្នុងតំបន់ ប៉ុន្តែជំងឺរបេងនៅតែជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារកម្មវិធីរបេងសកល នៃអង្គការសុខភាពពិភពលោក ដឹកនាំដោយលោកវេជ្ជបណ្ឌិត Kosuke Okada ប្រធានប្រតិភូ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក និងវិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន ដែលបានរួមគ្នាធ្វើការចុះអង្កេតស្រាវជ្រាវប្រេវ៉ាឡង់ជំងឺបេងលើកទី៣នៅកម្ពុជា ដោយសហការជាមួយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងផ្នែកពាក់ព័ន្ធនាពេល ១ឆ្នាំកន្លងមក។

ទោះបីជាកម្ពុជាមានអត្រាបន្ទុកជំងឺរបេងថយចុះច្រើនជាងគេ បើប្រធៀបនឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ប៉ុន្តែជំងឺរបេងនៅតែជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈក្នុងប្រទេសកម្ពុជានៅឡើយ ដូចជាជំងឺរបេងក្នុងចំណោមអ្នកជំងឺអេដស៍ ទឹកនោមផ្អែម ជំងឺកង្វះអាហារូបត្ថម្ភ និងអ្នកជក់បារីជាដើមហើយយើងនៅមានកិច្ចការដែលត្រូវធ្វើ ដើម្បីដោះស្រាយបន្ទុកដែលនៅសេសសល់ទាំងនេះ។ ដើម្បីឈានទៅសម្រេចបានមហិច្ឆិតាខាងលើ តម្រូវឱ្យមានការវិនិយោគ និងការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នដើម្បីកំណត់អាទិភាពជាយុទ្ធសាស្ត្រ។ ដូច្នេះហើយ ភ័ស្តុតាង និងលទ្ធផលនៃការស្រាវជ្រាវអត្រាប្រេវ៉ាឡង់នឹងដើរតួយ៉ាងសំខាន់ក្នុងផែនការកំចាត់រោគរបេងនេះ។

លោកវេជ្ជបណ្ឌិត Ikushi Onozaki តំណាងក្រុមការងារស្រាវជ្រាវ បានជម្រាបជូនថា បើប្រៀបធៀបជាមួយនឹងនៃការស្រាវជ្រាវអត្រាប្រេវ៉ាឡង់ចុងក្រោយក្នុងឆ្នាំ២០១១ លទ្ធផលលើកទី៣នេះបង្ហាញពីមានការថយចុះគួរឱ្យកត់សម្គាល់នៃប្រេវ៉ាឡង់ជំងឺរបេងក្នុងរយៈពេល១២ឆ្នាំកន្លងមក ដែលមានចំនួនធ្លាក់ចុះប្រហែល៥០% ឬស្មើនឹង ៥-៦% ក្នុងមួយឆ្នាំ។ ការកាត់បន្ថយយ៉ាងខ្លាំងបែបនេះ គឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មវិធីជាតិកំចាត់រោគរបេង និងការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងអំឡុងពេលកន្លងមកនេះ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើឱ្យដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយកម្មវិធីជាតិកំចាត់រោគរបេង ក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ស្របតាមផែនការយុទ្ធសាស្ត្រជាតិបញ្ចប់ជំងឺរបេងនៅកម្ពុជា ឆ្នាំ២០២១-២០៣០ ក៏ដូចជារួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈររបស់ក្រសួងសុខាភិបាល កម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្រប ដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្លាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner