ប្រទេសអាស៊ីចំនួន៥ មានប្រព័ន្ធដឹកជញ្ជូនក្នុងស្រុកល្អបំផុត

បរទេស : សារព័ត៌មាន Times of India បានចុះផ្សាយនាពេលថ្មីៗនេះថា ប្រទេសអាស៊ីចំនួន៥ មានដូចជាជប៉ុន សិង្ហបុរី ហុងកុង ម៉ាឡេស៊ី និងថៃ ត្រូវបានគេចាត់ថ្នាក់ថា ជាប្រទេស និងទីក្រុងមានប្រព័ន្ធដឹកជញ្ជូនក្នុងស្រុកល្អបំផុត។ ក្នុងនោះរួមមានទាំងរថភ្លើងល្បឿនលឿន ស្ពានអាកាស រថភ្លើងក្រោមដី និងឡានក្រុងទំនើបៗ។

ប្រភពបានបញ្ជាក់ថា ប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់ជប៉ុន មានភាពល្បីល្បាញ ដោយសារភាពទំនើបទាន់សម័យ ចំណេញពេលវេលា និងមានអនាម័យ។ ជាក់ស្តែង រថភ្លើងល្បឿនលឿនរបស់ជប៉ុន នឹងនាំអ្នកទេសចរទៅកាន់ទីក្រុងធំៗ មានដូចជាទីក្រុងតូក្យូ អូសាកា និងក្យូតូ ក្នុងល្បឿនលឿនបំផុត។ ម្យ៉ាងវិញទៀត ប្រព័ន្ធរថភ្លើងក្រោមដីរបស់ជប៉ុន គឺធំទូលាយណាស់ មានការថែទាំបានល្អ និងគួរឱ្យទុកចិត្តបំផុត។

សិង្ហបុរីបានប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនរហ័ស (MRT) ដែលជាប្រព័ន្ធដឹកជញ្ជូនសាធារណៈដ៏គួរឱ្យទុកចិត្តបំផុតមួយនៅអាស៊ី។ ប្រព័ន្ធ MRT គ្របដណ្តប់ទីក្រុងទាំងមូលប្រកបដោយប្រសិទ្ធភាព និងតម្លៃសមរម្យ ខណៈរថភ្លើងមានល្បឿនលឿន និងទាន់ពេលវេលា។

ទីក្រុងហុងកុង បានប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនរហ័ស (MTR) ដែលជាប្រព័ន្ធរថភ្លើងក្នុងទីក្រុងដ៏ល្អបំផុតមួយក្នុងពិភពលោក។ សម្រាប់ការធ្វើដំណើររហ័សជុំវិញទីក្រុងហុងកុង អ្នកទេសចរនិយមជិះឡានក្រុងពីរជាន់ ឡានក្រុងធម្មតា និងរថភ្លើង។

ចំណែកផ្លូវរថភ្លើងគូឡាឡាំពួរ (KLRT) និង Monorail របស់ម៉ាឡេស៊ី គឺល្អបំផុតសម្រាប់ការធ្វើដំណើរដែលមានតម្លៃសមរម្យ ទាំងក្នុង និងជុំវិញទីក្រុង។ បន្ថែមលើនេះ បណ្តាញឡានក្រុង Rapid KL ក៏ជាជម្រើសដ៏ល្អបំផុត ព្រោះវាគ្របដណ្តប់ទីក្រុងគូឡាឡាំពួរ និងតំបន់ Klang Valley យ៉ាងមានប្រសិទ្ធភាព។

រីឯប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់ថៃ បានប្រើប្រាស់រថភ្លើងលើអាកាស BTS Skytrain និងប្រព័ន្ធដឹកជញ្ជូនរហ័ស (MRT) ប្រកបដោយប្រសិទ្ធភាព ដោយផ្តល់នូវការធ្វើដំណើរក្នុងតម្លៃសមរម្យ និងរហ័សទាន់ចិត្តទូទាំងទីក្រុងបាងកក។ ឡានក្រុងសាធារណៈអាចយឺតជាងរថភ្លើងបន្តិច ប៉ុន្តែពួកវាអាចទៅដល់គ្រប់ទីកន្លែងនៃប្រទេសថៃ៕

ប្រភព៖ Times of India ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner