ឯកឧត្តម ហួត ហាក់ ៖ «ការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជា រឿងដ៏សំខាន់ និងចាំបាច់ ដើម្បីអភិវឌ្ឍ វិស័យអធិការកិច្ចនៅកម្ពុជា»

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នារសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៦ វគ្គ៥+៦ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ចំនួន ៥០រូប មកពីអគ្គលេខាធិការដ្ឋានរដ្ឋសភា បណ្តារក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងតាមបណ្តារខណ្ឌ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិអធិការកិច្ច នៅទីស្តីការក្រសួងអធិការកិច្ច។

សម្រាប់វគ្គនេះ សិក្ខាកាមចូលរួមមានចំនួន ៥០នាក់ ដែលអញ្ជើញមកពីក្រសួងស្ថាប័នចំនួន ១៦ និងសាលារាជធានី ខេត្តចំនួន ៧ ក្នុងនោះ មន្ត្រីរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិចំនួន ២នាក់ អគ្គនាយកដ្ឋានអធិការកិច្ចនៃក្រសួងអធិការកិច្ចចំនួន២នាក់ ក្រសួងចំនួន ១៤ ស្មើនឹង ៣២នាក់ រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងផែនការ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងព័ត៌មាន, ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, ក្រសួងសុខាភិបាល, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, ក្រសួងធម្មការ និងសាសនា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាលារាជធានី ខេត្តចំនួន ៧ ស្មើ ១៤នាក់ រួមមានរាជធានីភ្នំពេញ, ខេត្តពោធិសាត់, បាត់ដំបង, កែប, កំពត, កំពង់ធំ, និងសៀមរាប។

ឯកឧត្តមរដ្ឋមន្រ្តី សម្តែងនូវការកោតសរសើរដល់សិក្ខកាមទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ការពន្យល់ និងចូលរួមគ្រប់សកម្មភាពដើម្បីអោយការបណ្តុះបណ្តាលនេះមានផ្លែផ្កា និងទទួលបានជោគជ័យ។

ឯកឧត្តម ហួត ហាក់ មានជំនឿយ៉ាងមុតមាំចំពោះសិក្ខាកាមដែលបានបញ្ចប់វគ្គអធិការកិច្ចបឋម ទាំង ៥០រូប ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះរបស់មន្រ្តីអធិការកិច្ច ដែលជាលក្ខណសម្បត្តិនៃវិជ្ជាជីវៈ ត្រូវមាន៖ សុចរិតភាព, ភាពមិនលំអៀង, សមត្ថភាពវិជ្ជាជីវៈ, ជៀសវាងទំនាស់ផលប្រយោជន៍, មានក្រមសីលធម៌ ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ និងជាពិសេសត្រូវគោរពអភិក្រមទាំង ៥ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងទិសស្លោក «គ្មានការជឿទុកចិត្តណាមួយ អាចជំនួសឱ្យការត្រួតពិនិត្យបានឡើយ» ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner