រដ្ឋមន្រ្តីការបរទេសកម្ពុជា ជូនលិខិតផ្លូវការទៅសមភាគីឡាវ និងវៀតណាម បញ្ជាក់ពីការបញ្ចប់ចូលរួម កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណអភិវឌ្ឍន៍

ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជូន​លិខិតផ្លូវការទៅសមភាគីរបស់លោកគឺ ​រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងវៀតណាម ដោយបញ្ជាក់អំពីការសម្រេចបញ្ចប់​ការចូលរួមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA)។

ក្នុងលិខិតចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា មានខ្លឹមសារថា៖
«ឯកឧត្តម​ជាទីរាប់អាន! ខ្ញុំសូមជម្រាបជូនឯកឧត្តមជាផ្លូវការ អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងកិច្ចសហ​ប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ថា បន្ទាប់ពីបានពិចារណា និងវាយតម្លៃដោយម៉ត់ចត់ ពីវឌ្ឍនភាពនៃ CLV-DTA រួចមក កម្ពុជាយល់ថា កិច្ចសហប្រតិបត្តិការនេះបានឈានដល់គោលដៅរបស់ខ្លួនហើយ។ នាពេលនេះ កម្ពុជាជឿថា ប្រទេសនីមួយៗមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្ត និងធានាការអភិវឌ្ឍជាតិរៀងខ្លួន។

ក្នុងន័យនេះ ខ្ញុំសូមជូនដំណឹងឯកឧត្តមថា កម្ពុជាបានសម្រេចបញ្ចប់ការចូលរួមរបស់ខ្លួន នៅក្នុង CLV-DTA ស្របតាមមាត្រា១៨ នៃអនុស្សរណៈនៃការយោគយល់ ក្នុងចំណោមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលនៃសាធារណដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្ពោះទៅរកការបង្កើតគោលនយោបាយ អនុគ្រោះពិសេស​សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ កិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌ CLV-DTA បានផ្តល់ផល​ប្រយោជន៍​ធំធេង​ដល់ប្រទេសយើងទាំងបី។
ខ្ញុំសូមសម្តែងនូវអំណរគុណ សម្រាប់កិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់។ យើងបានសម្រេចនូវសមិទ្ធផលគន្លឹះ ដែលបានពង្រឹងគោលដៅរួម និងបានលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អរបស់ឯកឧត្តម។ ខ្ញុំរីករាយនឹងបន្តធ្វើការជាមួយគ្នា ដើម្បីឧត្តមប្រយោជន៍ប្រទេសយើង និងតំបន់។ ដោយក្ដីរាប់អានពីខ្ញុំ»។

សូមជម្រាបថា លើទំព័រហ្វេសផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២១ ខែកញ្ញាបានគូសបញ្ជាក់​ថា”ដោយគិតគូពី​កង្វល់របស់ប្រជាជន​លើ​បញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឱ្យមានលទ្ធភាព​ប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់​ត្រីកោណ​អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការ​ទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ”៕ដោយ៖ពលជ័យ

ads banner