ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ លើកទឹកចិត្តយុវជនជ័យលាភីនៃកម្មវិធីនាវា​យុវជនអាស៊ី​អាគ្មេយ៍ និងជប៉ុន បង្កើតមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកដល់យុវជនជ័យលាភីក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុន (SSEAYP) ខិតខំបង្កើតមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅ​ក្នុងចំណោម​យុវជនជប៉ុន និងយុវជនដែលមកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ផ្សេងទៀត។

ការលើកឡើងនេះ ក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ នៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យប្រតិភូនិស្សិតជ័យលាភីក្នុងកម្មវិធី SSEAYP ដែលដឹកនាំ​ដោយ​សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដើម្បីសំណេះសំណាល ក៏ដូចជាស្នើសុំ​អនុសាសន៍មួយចំនួនពាក់ព័ន្ធការត្រៀមខ្លួនចូលរួមជាមួយយុវជនបរទេសផ្សេងទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ដល់ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវផ្សព្វផ្សាយនូវវប្បធម៌ប្រពៃណីល្អរបស់កម្ពុជាដល់យុវជន​នៃបណ្តាប្រទេសដ៏​ទៃ​ទៀត និងផ្សព្វផ្សាយនូវការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកចម្រើន​លើគ្រប់​វិស័យ ក្រោមម្លប់សន្តិភាព ដើ​ម្បីទាក់ទាញអ្នកទេសចរ និងវិនិយោគបរទេសមកកម្ពុជា​ឱ្យបានកាន់តែច្រើន។

ឯកឧត្តមមានប្រសាសន៍ថា យុវជនគឺជាអ្នកការទូតដ៏សំខាន់ក្នុងការផ្សព្វផ្សាយពី​ប្រទេស​កម្ពុជា ដែលកំពុងមានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ។ រាជរដ្ឋាភិបាល តែងតែ​គិតគូ​ពីយុវជនជាកម្លាំងដល់រឹងមាំ ក្នុងការចូលរួមកសាង និងអភិវឌ្ឍប្រទេសនាពេល​អនាគត ដែលទាមទារឱ្យយុវជនត្រូវមានសមត្ថភាពខ្ពស់ ដើម្បីបន្តវេនក្លាយជាអ្នកដឹកនាំ​នាពេលអនាគត។

ឯកឧត្តមបានសង្កត់ធ្ងន់លើការបង្ហាញពីប្រពៃណីខែ្មរលើឆាកអន្តរជាតិ បង្កើនភាពទំនាក់ទំនង ដកស្រង់បទពិសោធន៍ បង្ហាញពីសក្ដានុពលពីកម្ពុជា ហើយបានលើកទឹកចិត្តដល់យុវជនឱ្យខិតខំអភិវឌ្ឍន៍សមត្ថភាព ដើម្បីត្រៀមខ្លួនជួយកសាងប្រទេសជាតិបន្ថែមទៀត។

អនុប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ លោកស្រី ឡា សុភៈ បានថ្លែងថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡាបានជ្រើសរើសយុវជនកម្ពុជាចំនួន ១៥នាក់ និងប្រធានប្រតិភូ ១រូប សម្រាប់ចូលរួមកម្មវិធី SSEAYP លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣៨ថ្ងៃ ចាប់ពីថ្ងៃ ទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើដំណើរទៅកាន់ប្រទេសចំនួន ៣ គឺជប៉ុន ឥណ្ឌូណេស៊ី និងវៀតណាម ។

លោកស្រីបន្តថា គោលបំណងនៃកម្មវិធីនេះ គឺបំផុស និងពង្រឹងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងយុវជនប្រទេសអាស៊ាន និងយុវជនប្រទេសជ​ប៉ុន ហើយក៏ជាការពង្រីកនូវទស្សនវិស័យលើឆាកអន្តរជាតិ និងដើម្បីបណ្តុះបណ្តាល​គំនិត​សហប្រតិបត្តិការអន្តរជាតិ។

កម្មវិធីនេះ ធ្វើឱ្យយុវជនទាំងនោះបានរស់នៅរួមគ្នាលើនាវា នឹងធ្វើទស្សនកិច្ចនៅតាម​ប្រទេស ដែលចូលរួមទាំងអស់ ក្នុងនោះមានការអនុញ្ញាតឱ្យយុវជនចូលជួបសម្តែង​ការ​គួរសមជាមួយថ្នាក់ដឹកនាំប្រទេស ការធ្វើទស្សនកិច្ចតាមស្ថាប័នជាតិ មរតកវប្បធម៌ និ​ងផ្លាស់​ប្តូរវប្បធម៌គ្នាទៅវិញទៅមកជាមួយយុវជននៃប្រទេសនីមួយៗនៅពេលដែល​នាវាបានចូលចត។

គួររំឭកថា កម្ពុជាបានទទួលឱ្យចូលរួមជាសមាជិកផ្លូវការនៃកម្មវិធីនេះ ចាប់តាំងពី ឆ្នាំ២០០០ បន្ទាប់ពីប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner