រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយប្រតិភាណរបស់សម្តេចតេជោ ក្នុងការដកកម្ពុជាចេញពី CLV-DTA

ភ្នំពេញ៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រពេញទំហឹងចំពោះ​ការសម្រេចចិត្តប្រកបដោយប្រតិភាណរបស់សម្ដេច​តេជោ ហ៊ុន សែន ក្នុងការដកកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងសារគាំទ្រតាមរយៈបណ្តាញសង្គម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសរសេរថា ៖ ខ្ញុំ ព្រមទាំងក្រុមគ្រួសារទាំងមូល ក៏មិនខុសពីបងប្អូនជនរួមជាតិគ្រប់និន្នាការដែរ យើងពិតជាមានសេចក្ដីពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តដ៏​ឈ្លាសវៃ និងប្រកបដោយប្រតិភាណរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដកព្រះរាជាណាចក្រកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺជាទឡ្ហីករណ៍បញ្ជាក់យ៉ាងច្បាស់ថា សម្ដេចតេជោ ពិតជាយកចិត្តទុកដាក់ខ្ពស់រាល់មតិយោបល់ ទស្សនៈ និងក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ចំពោះជោគវាសនា​ជាតិ និងប្រជាជន រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងគាំទ្រគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក្នុងកិច្ចដំណើរ​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន។ ជាពិសេស ជាយុទ្ធសាស្ត្រផ្ដាច់ ឫសគល់របស់ក្រុមអគតិឱកាសនិយមជ្រុល ដែលឆ្លៀតយកប្រធានបទ CLV-DTA ធ្វើជាឧបករណ៍នយោបាយដុតរោលកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់បន្តដែរថា ផ្ទុយពីនេះ ចំពោះការចូលរួមទាំងមតិ ទស្សនៈ ស្មារតី សម្ដែងរាល់ក្ដីកង្វល់​ដ៏ពិតប្រាកដ ក៏ដូចជាការបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនផងនោះ យើងនៅតែតម្កល់ជាមនសិកា​រ​ស្នេហាជាតិ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ក្នុងសុច្ឆន្ទៈសាមគ្គីជាខ្មែរតែមួយ។

ឯកឧត្តមអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន បន្តគោលជំហរជាវិជ្ជមាន គាំទ្រគណបក្សប្រជាជនកម្ពុជា ក្រោមអគ្គមគ្គុទេសក៍ប្រកដោយប្រតិភាណរបស់សម្ដេចតេជោ និង​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តកិច្ចសហប្រតិបត្តិការ​ក្នុងនាមជា​ប្រទេសជិតខាងល្អ និងជាបងប្អូនល្អ ទាំងជាមួយប្រទេសឡាវ និងវៀតណាម ស្របតាមស្មារតីបន្តរក្សា និងអភិវឌ្ឍន៍ព្រំដែន ឱ្យប្រកបដោយសន្តិភាព វឌ្ឍនភាព និងសន្តិសហវិជ្ជមានលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងសងខាង។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏ អំពាវនាវដល់បងប្អូនជនរួមជាតិ បន្តពូនជ្រំស្មារតីសាមគ្គីជាធ្លុងមួយ ក្រោមព្រះរាជបារមី នៃព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីរួមគ្នាសម្រេចបានសមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ជូនជាតិ និងប្រជាជន ក្រោមម្លប់សុខសន្តិភាព ដូចអតីតកាលចុងក្រោយនៃជាតិយើង ដែលមានការដឹកនាំ​ប្រកប​ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នមានរាជរដ្ឋាភិបាលបន្តវេន ប្រកបដោយភាពស្វាហាប់ ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕
ដោយៈពលជ័យ

ads banner