ប្រធានតុលាការធម្មនុញ្ញថៃ កោតសរសើរការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញ៖ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ​ឯកឧត្តមសាស្ត្រា​ចារ្យ​បណ្ឌិត ណាការីន ម៉េកត្រៃរ៉ាត់(Nakharin Mektrairat)ប្រធាន តុលាការធម្មនុញ្ញថៃបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរថៃ កម្ពុជា ព្រមទាំង បានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើន​នៅ​​កម្ពុជា។

កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ណាការីន ម៉េកត្រៃរ៉ាត់ ប្រធាន តុលាការធម្មនុញ្ញថៃ និងគណៈប្រតិភូ ចូលជួបសម្ដែង​ការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ជាមួយការ វាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ​ប្រសើរវាងប្រទេស ទាំងពីរ និងកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើន របស់កម្ពុជា ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ ឯកឧត្តមមានគោលដៅផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ស្វែងយល់បន្ថែមអំពីការអនុវត្តមុខងាររបស់ស្ថាប័នកំពូលមួយនេះ។ 

សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យរវាងកម្ពុជា និងថៃ រួមមាន​ពាណិជ្ជ​កម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ និងការពារជាតិ។សម្ដេចធិបតីបានស្វាគមន៍ការបង្កើនទំនាក់ទំនងរវាងក្រុមប្រឹក្សា​ធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា និងតុលាការធម្មនុញ្ញនៃ ព្រះរាជាណាចក្រថៃ ដែលនឹងរួមចំណែកពង្រឹងនិងពង្រីកចំណង មិត្តភាព និង​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner