រដ្ឋមន្រ្តីសុខាភិបាល ៖ ការបរិច្ចាគឈាម គឺជាអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស

ភ្នំពេញ៖ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែតុលា បានអញ្ជើញជាអធិបតី​ក្នុងពិធីបរិច្ចាគឈាម​ដោយស្ម័គ្រចិត្ត​របស់ថ្នាក់​ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរ​ពេទ្យមិត្តភាពខ្មែរ-សូវៀតជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។

ក្នុងឱកាសនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានប្រសាសន៍ថា ការបរិច្ចាគឈាម គឺជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយ​សង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺជា​ការធ្វើអំពើល្អ ផ្តល់នូវទឹកចិត្តក្តីមេត្តា ។សូមចងចាំថាការបរិច្ចាគ​ឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែ​មួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ។
ឯកឧត្តមបន្តថា តាមរយៈសកម្មភាពនេះក៏បង្ហាញឱ្យ​ឃើញនូវការ​សហការគ្នា សាមគ្គីភាព ជាធ្លុងមួយរបស់មន្ត្រីសុខាភិបាល។
ឯកឧត្តម​រដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង​បុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងអស់ សូមខិតខំ​ក្នុង​ការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយស្មារតីទឹកចិត្តសណ្ដោស អាណិតស្រឡាញ់ មេត្តាករុណា និងផ្តល់ភាពកក់ក្តៅ។ មន្រ្តីសុខា​ភិបាលនៃមន្ទីរពេទ្យទាំងអស់ មានស្មារតីរួបរួមគ្នា សាមគ្គី ចេះជួយគ្នា គោរពវិន័យ និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការ​រីកចម្រើន​ថែមទៀតនៅក្នុងអង្គភាពរបស់ខ្លួន៕
ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner