សម្ដេចតេជោ ហ៊ុន សែន ៖កម្ពុជាត្រូវការបន្តទិញអគ្គិសនីពីឡាវ
ភ្នំពេញ៖ កម្ពុជាត្រូវការបន្តទិញអគ្គិសនីពីឡាវសម្រាប់ប្រើប្រាស់ ក្នុង ប្រទេស និងបញ្ជូនទៅប្រទេសសិង្ហបុរី ដែលជាគំនិតផ្តួចផ្តើមថ្មី និងជាកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការតភ្ជាប់ក្នុងអាស៊ាន ។ នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ស៊ីន ឡៈវង់ ឃុនផៃធូន (Sinlavong Khoutphaythoune) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចូលជួបសម្ដែងការគួរសមនៅវិមាន៧មករា រាជធានីភ្នំពេញ កាលពីសុក្រថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងជំនួបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តមស៊ីន ឡៈវង់ ឃុនផៃធូនប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងសមាជិកគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជា។សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកទស្សនកិច្ចនាពេលនេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងបក្សនិងបក្ស ,រដ្ឋាភិបាលទាំ ងពីរ។ សម្តេចតេជោ បានអបអរសាទររដ្ឋាភិបាលឡាវ ក្នុងឋានៈជាប្រធានអាស៊ាន បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ កាលពីសប្តាហ៍កន្លងមក ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានចូលរួមអបអរសាទរជាមួយនឹងសមិទ្ធផល ជោគជ័យថ្មីមួយទៀត នៃទំនាក់ទំនងរវាងរណសិរ្យអភិវឌ្ឍន៍ជាតិឡាវ និងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលទើបបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ឆ្នាំ២០២៤-២០២៨ ។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ស៊ីន ឡៈវង់ ឃុនផៃធូន ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ថាជាមេដឹកនាំដែលមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងនៅក្នុង ប្រទេសកម្ពុជា ប្រទេសឡាវ នៅក្នុងអាស៊ាន និងលើសកលលោក។ ឯកឧត្តមពិតជាសប្បាយរីករាយ ដែលទទួលបានការរៀនសូត្រពី សម្ដេច។ ឯកឧត្តម ក៏បានជម្រាបសម្តេច ពីជំនួបជាមួយសម្តេច ម៉ែន សំអន ដោយបានរំលឹកពីវីរភាព និងបទពិសោធន៍ដឹកនាំរណសិរ្ស និងការកសាងប្រទេសកម្ពុជាដ៏អស្ចារ្យរបស់សម្តេចតេជោ ដែល អាចបង្រួបបង្រួមជាតិ ប្រែក្លាយប្រទេសដែលមានភាគីច្រើន មកជា ប្រទេសដែលមានរដ្ឋាភិបាលដឹកនាំតែមួយ កម្លាំងប្រដាប់អាវុធតែមួយ និងមានឯកភាពជាតិទាំងមូល ។
ឆ្លើយតបចំពោះភ្ញៀវសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះការពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានរដ្ឋឡាវ ដែលជាមិត្តភក្តិរបស់សម្តេច។ សម្តេចតេជោ ក៏បានផ្តាំផ្ញើការសួរសុខ ទុក្ខ និងសេចក្តីនឹករលឹក តាមរយៈឯកឧត្តមប្រធានរណសិរ្សអភិវឌ្ឍន៍ ជាតិឡាវ ជូនឯកឧត្តម ថង លូនស៊ីសុលីត ប្រធានរដ្ឋឡាវ ផងដែរ។ សម្តេចតេជោបង្ហាញក្ដីរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេ ភាគីរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៦៨ឆ្នាំមកហើយ និងប្ដេជ្ញាបន្តពូនជ្រុំបន្តទំនាក់ទំនងមិត្តភាពល្អ រឹងមាំ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃ ប្រទេសទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន បានសំដែងការរីករាយចំពោះទំនាក់ទំន ងមិត្តភាព សាមគ្គីភាពកម្ពុជា-ឡាវ បានឈានរហូតដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” និងស្តែង ឡើងច្រើនរូបភាពទាំងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល, សភានិងសភា, ប្រជាជននិងប្រជាជន, បក្សនិងបក្ស ព្រមទាំងរវាងរណសិរ្សនិងរណ សិរ្ស ហើយនិងបានជំរុញដល់ការរីកចម្រើនលើវិស័យផ្សេងៗទៀត ទាំងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន ការផ្លាស់ប្តូរប្រជាជននិងប្រជា ជន និងកំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនៅក្នុងអាស៊ាន។
ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជាឯកឧត្តមប្រធាន និងគណៈ ប្រតិភូក៏នឹងទស្សនកិច្ចសិក្សាទៅកាន់ខេត្តព្រះសីហនុផងដែរ៕
ដោយ៖វណ្ណលុក











