អង្គការហ្វ្រង់កូហ្វូនី អបអរសាទរកម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦

តាមសំណើសុំរបស់ភាគីអង្គការហ្វ្រង់កូហ្វូនី (OIF) ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោកស្រី អ៊ុន ពិសី លេខាធិការទី២ បានទទួលជួបលោក Edgar DOERIG តំណាងអង្គការ OIF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងសហការី នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងតូក្យូ នៅព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអង្គការ OIF និងបានកោតសរសើរអំពីបេសសកម្មនិងគំនិតផ្តួចផ្តើមនានារបស់អង្គការ OIF។
ទន្ទឹមនឹងនេះ ភាគី OIF បានអបអរសាទរកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦។ ជាមួយគ្នានេះ ភាគី OIF បានស្នើសុំកិច្ចសហការពីកម្ពុជានៅក្នុងការជួយផ្សព្វផ្សាយអំពីបេសសកម្មរបស់អង្គការហ្វ្រង់កូហ្វូនី នាអំឡុងពិព័រណ៍ពិភពលោក Osaka ឆ្នាំ២០២៥ខាងមុខនេះ។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនភាគី OIF ថា កម្ពុជានឹងពិនិត្យលទ្ធភាពចូលរួមតាមដែលអាចធ្វើទៅបាន។ ជាចុងក្រោយ ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញនូវក្តីសោមនស្សរីករាយនិងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ OIF ក្នុងការលើកកម្ពស់គុណតម្លៃហ្វ្រង់កូហ្វូនីទាំងក្នុងតំបន់និងលើពិភពលោក៕
ដោយ៖ពលជ័យ
រូបភាព៖ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ads banner