ឆ្នាំ ២០៤០ ជប៉ុនចង់ក្លាយជាប្រទេសប្រើថាមពលកកើតឡើងវិញធំបំផុត
តូក្យូ ៖ ក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មជប៉ុន កំពុងពិចារណាលើសេណារីយ៉ូចាត់ទុកថាមពលកកើតឡើងវិញ ជាប្រភពអគ្គិសនីធំបំផុតសម្រាប់ប្រទេសនៅត្រឹមឆ្នាំសារពើពន្ធ ២០៤០។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK។
ក្រុមប្រឹក្សានៃក្រសួងសេដ្ឋកិច្ចកំពុងពិនិត្យពិភាក្សាឡើងវិញ អំពីផែនការប្រើប្រាស់ថាមពលមូលដ្ឋានរបស់ប្រទេសជប៉ុន។ ការពិភាក្សានេះរៀបចំឡើងរៀងរាល់បីឆ្នាំម្តង។
ផែនការបច្ចុប្បន្នបានលើកឡើងថា ថាមពលកកើតឡើងវិញ រួមទាំងពន្លឺព្រះអាទិត្យ និងខ្យល់ នឹងមានចន្លោះពី៣៦ទៅ៣៨ភាគរយ នៃល្បាយថាមពលរបស់ប្រទេសជប៉ុន នៅត្រឹមឆ្នាំសារពើពន្ធ ២០៣០។
រីឯសេណារីយ៉ូសារពើពន្ធឆ្នាំ ២០៤០ ក្រសួងសេដ្ឋកិច្ចកំពុងពិចារណាលើការបង្កើនចំណែកថាមពលកកើតឡើងវិញថែមទៀត និងធ្វើឱ្យវាក្លាយជាប្រភពអគ្គិសនីធំបំផុតជំនួសឥន្ធនៈហ្វូស៊ីល។
ផែនការនេះទៀតសោត គឺស្របតាមគោលដៅរបស់រដ្ឋាភិបាលជប៉ុន ក្នុងការសម្រេចឱ្យបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យសុទ្ធត្រឹមឆ្នាំ ២០៥០៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា