ត្រីចម្លែក Doomsday ដ៏កម្រ បង្ហាញខ្លួនជាលើកទី ៣ នៅរដ្ឋកាលីហ្វ័រញ៉ា
កាលីហ្វ័រញ៉ា ៖ ត្រី Doomsday ឬ Oarfish ឬអាចហៅម្យ៉ាងទៀតថា ត្រីនាគដ៏កម្រមួយក្បាល ត្រូវបានគេរកឃើញជាលើកទី៣ក្នុងឆ្នាំនេះ បន្ទាប់ពីទឹករលកបោកបក់វាទៅទើរលើឆ្នេរសមុទ្រនៃទីក្រុង Encinitas រដ្ឋកាលីហ្វ័រញ៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។
ត្រី Oarfish នេះ មានប្រវែងជាង ២.៧ម៉ែត្រ ត្រូវបានប្រទះឃើញងាប់នៅឯច្រាំងសមុទ្រ Grandview Beach កាលពីថ្ងៃទី៦ ខែវិច្ឆិកាមកម្ល៉េះ ដោយលោក Alison Laferriere មកពីវិទ្យាស្ថាន Scripps Institution of Oceanography នៅឯសាកលវិទ្យាល័យកាលីហ្វ័រញ៉ាទីក្រុង San Diego។
បន្ទាប់មកសាកសពត្រីនេះ សមត្ថកិច្ចរដ្ឋបាលជលផលសមុទ្របានយកទៅរក្សាទុកនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រជលផលភាគនិរតី។
ការធ្វើតេស្តលើសំណាកត្រីចម្លែកប្រភេទនេះ បានផ្តល់ឱ្យអ្នកវិទ្យាសាស្ត្រនូវឱកាសសិក្សាស្វែងយល់បន្ថែម អំពីពពួកសត្វអាថ៌កំបាំង និងវិធីរស់រានមានជីវិតរបស់ពួកវា នៅក្រោមបាតសមុទ្រដ៏ជ្រៅ។
អ្នកជីវវិទូសមុទ្រមួយរូបបាននិយាយថា ត្រី Doomsday បានបង្ហាញពីឱកាសដ៏កម្រមួយ ដើម្បីទទួលបានគំរូថ្មីៗសម្រាប់ការវិភាគហ្សែន ដែលអនុញ្ញាតឱ្យយើងអាចសិក្សា ថាតើហេតុអ្វីត្រីចម្លែកនេះអាចរស់នៅក្នុងបរិស្ថានទឹកជ្រៅបាន។
ត្រី Oarfish នេះ កម្រនឹងបង្ហាញខ្លួនខ្លាំងណាស់ ប៉ុន្តែវាស្រាប់តែបង្ហាញខ្លួននៅក្នុងរដ្ឋកាលីហ្វ័រញ៉ាជាលើកទី៣ ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ហើយក៏ជាលើកទី២២ផងដែរ ក្នុងពេលមួយសតវត្សកន្លងមក។
ក្រៅពីការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ការបង្ហាញខ្លួនរបស់ត្រី Doomsday ក៏នាំឱ្យមនុស្សម្នាជាច្រើនមានការព្រួយបារម្ភ និងមានជំនឿតៗគ្នាថា វាគឺជាសត្វដែលនាំមកនូវដំណឹងអាក្រក់ និងគ្រោះមហន្តរាយដ៏ធំនាពេលខាងមុខ៕
ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា