ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ចាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេ ដារូស្សាឡាម បានបង្ហាញចំណាប់ អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ។

នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah បានបញ្ជាក់ដូច្នេះ ក្នុងឱកាសចូលជួប​សម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

នៅក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន Khazanah បានសម្ដែងនូវការអបអរសាទរគោរព ជូនចំពោះសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោត ជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការអបអរសាទរចំពោះភាពជោគជ័យក្នុងការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាពេលថ្មីៗនេះ។

លោកនាយកប្រតិបត្តិក្រុមហ៊ុន ក៏បានសម្ដែង នូវក្ដីរីករាយដែលបានមកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា និងបានចាប់អារម្មណ៍អំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់​រាធានីភ្នំពេញផងដែរ។

លោកនាយកប្រតិបត្តិក្រុមហ៊ុន បានគោរពជម្រាបជូន សម្ដេចបវរធិបតីថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក, អាកាសយានដ្ឋាន, និងវិស័យធនាគារ ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីរីករាយ ដែលបានជួបជាមួយ​នឹង​លោកនាយកប្រតិបត្តិក្រុមហ៊ុន ជាថ្មីម្ដងទៀត។ សម្ដេច ក៏បានសម្ដែងនូវការស្វាគមន៍ ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមហ៊ុន អំពីការដាក់​ចេញនូវគោលនយោបាយ ក៏ដូចជាយន្តការ និងវិធានការចាំបាច់នានា របស់រាជរដ្ឋា​ភិបាល ដើម្បីគាំទ្រទៅដល់ភាពជោគជ័យ របស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការ​តភ្ជាប់ទីផ្សាររបស់កម្ពុជាចូលទៅក្នុងតំបន់ និងសកលលោក។

សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យ លោកនាយកប្រតិបត្តិក្រុមហ៊ុន បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិត អំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner