សមាគមជប៉ុន-កម្ពុជា (JCA) និង សមាគមឧកញ៉ាកម្ពុជា (COA) សហការគ្នាដើម្បីបង្កើតឡើងនូវវេទិការធុរកិច្ចរវាងប្រទេសទាំងពីរ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជា អធិបតីក្នុងជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤។
ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា បានបញ្ជាក់ថា វេទិការធុរកិច្ចនេះ ត្រូវបានធ្វើឡើងក្រោមជំនួបរវាងភាគី សមាគមជប៉ុន-កម្ពុជា (JCA) និង សមាគមឧកញ៉ាកម្ពុជា (COA)ក្រោមវត្តមានរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងជំនួបរបស់ពួកយើង នៅទីក្រុងតូក្យូ កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។ នៅពេលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសមាគមយើងទាំងពីរ សហការគ្នាដើម្បីបង្កើតឡើងនូវវេទិការធុរកិច្ចរវាងប្រទេសទាំងពីរ ក្នុងគោលបំណងសម្រេចឱ្យបានជាលទ្ធផលថ្មីមួយ ។
លោកជំទាវអ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាភិបាល ជាតំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នាថ្ងៃនេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរវាង សមាគម ឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ដោយមានការគាំទ្រពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាអភិបាលផ្នែកបច្ចេកទេស របស់សមាគមឧកញ៉ាកម្ពុជា លើកិច្ចការធុរកិច្ច និងការវិនិ យោគ ។
លោកជំទាវអ្នកឧកញ៉ា បញ្ជាក់ថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គឺជាកិច្ចសហការលើកដំបូង រវាងសមាគមទាំងពីរ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងល្អ រវាងសមាគមទាំងពីរ ក៏ដូចជា ផ្តល់ឱកាសដល់ធុរជនកម្ពុជា-ជប៉ុន អាចកសាងទំនាក់ទំនង និងបន្តសិក្សាស្វែងយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា តាមវិស័យដែលមានសក្តានុពលរៀងៗខ្លួនដូចជា វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មជាដើម ដែលស្របទៅតាមបរិបទ និងទំនោរសេដ្ឋកិច្ចសកល ក៏ដូចជានៅកម្ពុជា នាពេលបច្ចុប្បន្ន ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងដើរតួនាទីជាអ្នកសម្របសម្រួលធុរកិច្ច និងវិនិយោគ មិនមែនជាអ្នកគ្រប់គ្រងវិស័យឯកជនទេ ហើយរាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាដៃគូ និងជាកាតាលីករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ យើងទាំងអស់គ្នានៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសហការពេញទំហឹង ដល់វិស័យ ឯកជន រួមមាន៖ ការសម្រួលនីតិវិធី ការបង្កលក្ខណៈងាយស្រួល ការផ្តល់ការលើកទឹកចិត្តដល់ការបណ្តាក់ទុនក្នុងវិស័យអាទិភាព និងការថែទាំវិនិយោគជាដើម។
ជាមួយគ្នានេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ បាននិងបន្តខិតខំជំរុញការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និង វិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្តីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្តល់សេវាសាធារណៈ។ ជាក់ស្តែង យើងបានរៀបចំនិងដាក់ឱ្យដំណើរការសាកល្បងផ្ទៃក្នុង និងដាក់ឱ្យដំណើរការជាសាធារណៈនៅ ថ្ងៃទី២៧ ខាងមុខនេះ នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង គ្រប់ពេលវេលាបាន ទាំងការដាក់ពាក្យ ការបង់កម្រៃសេវា និងការទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីគម្រោងជាទម្រង់ ឌីជីថលផងដែរ និងឈានទៅដល់ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នាពេលខាងមុខ។ ដូច្នេះ វិនិយោគិនទាំងអស់អាចនឹងដាក់ពាក្យស្នើសុំវិនិយោគ តាមរយៈ ប្រព័ន្ធនេះ ដែលនឹងកាន់តែផ្តល់ភាពងាយស្រួល និងចំណេញពេលវេលា ។
គួរបញ្ជាក់ថា ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៤នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥,៥ប៊ីលានដុល្លារអាម៉េរិក មានការកើនឡើង ៣៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះ ប្រទេសជប៉ុនឈរនៅលំដាប់ទី៧ ដែលមានទុនវិនិយោគ សរុបប្រមាណ ៤០លានដុល្លារអាម៉េរិក នៃរំហូរទុនវិនិយោគសរុបនៅកម្ពុជា៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ