Elon Musk ប្រកាសរើសបុគ្គលិកធ្វើការពីផ្ទះ ប្រាក់ឈ្នួល ២៧ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

បរទេស៖ ធ្លាប់តែនិយាយចំៗថាស្អប់អ្នកធ្វើការងារពីផ្ទះ ប៉ុន្តែពេលនេះក្រុមហ៊ុន Tesla របស់លោកមហាសេដ្ឋី Elon Musk ប្រកាសជ្រើសរើសបុគ្គលិកជំនាញមកពីគ្រប់ទិសទីឲ្យបម្រើការងារពីផ្ទះ ដែលនឹងទទួលប្រាក់ឈ្នួលដល់ទៅ ២៧ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ។

យោងតាមការចេញផ្សាយដោយគេហទំព័រ Tododisca បានឲ្យដឹងថា ជំនាញដែលក្រុមហ៊ុន Tesla កំពុងបើកទ្វារទទួលស្វាគមន៍បុគ្គលិកដែលមានទេពកោសល្យ និងផ្ដល់ឱកាសធ្វើការងារពីចម្ងាយនោះមានដូចជា វិស្វករជាន់ខ្ពស់ អ្នកបង្ហាត់បង្រៀនមនុស្សយន្ត និងជំនាញទាក់ទងនឹង AI ។

ពាក់ព័ន្ធនឹងការងារវិស្វករជាន់ខ្ពស់ ក្រុមហ៊ុន Tesla ត្រូវការបទពិសោធន៍ការងារយ៉ាងតិច ៥ ឆ្នាំ, ស្គាល់ច្បាស់ពីប្រព័ន្ធប្រតិបត្តិការ Windows និង Linux រួមជាមួយនឹងជំនាញក្នុងការប្រើប្រាស់ និងគ្រប់គ្រងឧបករណ៍ដូចជា Relays និង Ethernet Switches ជាដើម ។ ការងារនេះទទួលបានកម្រៃពី ៧៩,២០០ ដុល្លារទៅ ២៧ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ។

ចំណែកផ្នែកបង្ហាត់បង្រៀនមនុស្សយន្ត និងជំនាញទាក់ទងនឹង AI គឺផ្ដោតលើការធ្វើតេស្ត និងកែកុនមនុស្សយន្តដែលដំណើរការដោយបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន Tesla ។ ជំនាញនេះអាចទទួលបានលើសពី ៦ ពាន់ដុល្លារក្នុងមួយខែ ។ នេះបើតាមការចុះផ្សាយដោយគេហទំព័រ Yahoo ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ អាចចូលទៅកាន់ទំព័រផ្លូវការរបស់ក្រុមហ៊ុន Tesla ដែលមានឈ្មោះថា Career ហើយស្វែងរកជំនាញដែលមានស្រាប់ និងធ្វើតាមការណែនាំរបស់ក្រុមហ៊ុន ៕

ប្រភពពី Tododisca ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner