អាមេរិកបិទស្ថានទូតនៅអ៊ុយក្រែន បារម្ភរងការវាយប្រហារតាមផ្លូវអាកាស
កៀវ ៖ ក្រសួងការបរទេសអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានទូតអាមេរិកប្រចាំរដ្ឋធានីកៀវ បានទទួលព័ត៌មានពីការវាយប្រហារតាមអាកាសដ៏មានសក្តានុពលមួយកាលពីថ្ងៃពុធ ដូច្នេះស្ថានទូតនឹងបិទដំណើរការជាបណ្តោះអាសន្ន។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅលើគេហទំព័ររបស់ស្ថានទូតអាមេរិកប្រចាំទីក្រុងកៀវ បានបញ្ជាក់ថា ជាវិធានការប្រុងប្រយ័ត្ននោះ ស្ថានទូតនឹងត្រូវបិទជាបណ្តោះអាសន្ន ហើយបុគ្គលិកស្ថានទូតត្រូវបានណែនាំឱ្យស្វែងរកទីសុវត្ថិភាពជ្រកកោន។
ទន្ទឹមគ្នា ស្ថានទូតអាមេរិកប្រចាំទីក្រុងកៀវ ក៏បានណែនាំពលរដ្ឋអាមេរិក ឱ្យត្រៀមខ្លួនរត់រកកន្លែងមានសុវត្ថិភាពជាបន្ទាន់ ក្នុងករណីមានការប្រកាសអាសន្ន អំពីការវាយប្រហារតាមផ្លូវអាកាស។
ការព្រមាននេះកើតឡើងមួយថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានប្រើប្រាស់មីស៊ីល ATACMS របស់អាមេរិកវាយប្រហារលើទឹកដីរុស្ស៊ី ក្រោយមានការអនុញ្ញាតថ្មីពីរដ្ឋបាលជិតផុតអាណត្តិរបស់លោក Joe Biden ពោលគឺចំថ្ងៃទី១.០០០ នៃសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន។
រុស្ស៊ីបានព្រមានលោកខាងលិចជាច្រើនខែមកហើយថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនអនុញ្ញាតឲ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់អាមេរិក អង់គ្លេស និងបារាំងចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី នោះទីក្រុងមូស្គូនឹងចាត់ទុកសមាជិកណាតូទាំងនោះមានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។
តួយ៉ាង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានពីការវាយប្រហារនុយក្លេអ៊ែរ ដែលបង្កឱ្យមានហានិភ័យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ចំពេលមានភាពតានតឹងខ្ពស់បំផុតរវាងរុស្ស៊ី និងលោកខាងលិចក្នុងរយៈពេលជាងកន្លះសតវត្ស៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា