មនុស្ស ៥៤ម៉ឺននាក់ភៀសខ្លួនពីលីបង់ទៅស៊ីរី ដោយសារសង្គ្រាមអ៊ីស្រាអែល និងហេសបូឡា
ហ្សឺណែវ ៖ មនុស្សប្រហែល ៥៤០.០០០នាក់បានបង្ខំចិត្តភៀសខ្លួនចេញពីប្រទេសលីបង់ ឆ្ពោះទៅកាន់ប្រទេសស៊ីរី ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងកងជីវពលហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។ នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីពេលថ្មីៗ។
ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ (OCHA) បានរាយការណ៍ថា ប្រហែលពីរភាគបីនៃក្រុមជនភៀសខ្លួនមកពីលីបង់ គឺជាជនជាតិស៊ីរី ហើយប្រហែលមួយភាគបីជាពលរដ្ឋលីបង់។
យោងតាមតួលេខរបស់រដ្ឋាភិបាលបានឱ្យដឹងថា ជនភៀសខ្លួនស៊ីរីប្រហែល ១.៥លាននាក់កំពុងរស់នៅក្នុងប្រទេសលីបង់ មុនពេលផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងកងជីវពលហេសបូឡា។
ពួកគេភាគច្រើនបានរត់ភៀសខ្លួនមកជ្រកកោននៅប្រទេសលីបង់បន្ទាប់ពីឆ្នាំ ២០១១ ដោយសារតែសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ សរុបមក ប្រជាជនស៊ីរីប្រហែល ៦លាននាក់បានរស់នៅក្នុងទឹកដីប្រទេសលីបង់។
ក្រៅពីសង្គ្រាមនៅហ្គាហ្សាស្ទ្រីប អ៊ីស្រាអែលក៏កំពុងជាប់ដៃប្រយុទ្ធនឹងក្រុមហេសបូឡានៅលីបង់។ ក្រុមហេសបូឡាបានវាយប្រហារអ៊ីស្រាអែល ដើម្បីជាការគាំទ្រក្រុមអ៊ិស្លាមនិយម ហាម៉ាសនៅតំបន់ហ្គាហ្សា ដែលបានវាយប្រហារសម្លាប់រង្គាលនៅអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់។
ដំបូងឡើយ អ៊ីស្រាអែលបានសងសឹកចំពោះការបាញ់ផ្លោងរបស់ក្រុមហេសបូឡា ជាមួយនឹងការបាញ់ផ្លោងតបតវិញប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីខែកញ្ញាមក អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ធំនៅក្នុងប្រទេសលីបង់ និងវាយលុកតាមផ្លូវគោកនៅភាគខាងត្បូងប្រទេសលីបង់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា