រយៈពេល ១ឆ្នាំ ការពង្រីកវិសាលភាពរបស់ ប.ស.ស. ដើរតួរនាទីយ៉ាង​សំខាន់ក្នុងកិច្ចគាំពារសុខមាលភាពរបស់ពលរដ្ឋកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានរយៈពេលមួយឆ្នាំហើយ ដែលរាជរដ្ឋាភិបាល កម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស ដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបប ភាគទានដោយស្ម័គ្រចិត្តចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ជាសមាជិក ប.ស.ស.។ ការប្រកាសដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តគឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលទៅលើការគាំពារសុខមាលភាពរបស់ពលរដ្ឋកម្ពុជាទូទាំងប្រទេស សំដៅឱ្យប្រជាពលរដ្ឋអាចគ្រប់គ្រងការចំណាយលើ បញ្ហា សុខ ភាព និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចរក្សាលំនឹងប្រាក់ចំណូល ក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។

ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញថា គិតក្នុងរយៈពេលមួយឆ្នាំនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានចុះបញ្ជី សមាជិកក្នុងកម្មវិធីថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តមានចំនួនសរុប ៥៦៣ ៦៩៤នាក់ (បុគ្គលស្វ័យនិយោជន៍ចំនួន ៤២៦ ៤៨៦នាក់ និងអ្នកក្នុងបន្ទុកចំនួន ១៣៧ ២០៨នាក់)។ ជារួម ការពង្រីកការគ្របដណ្តប់ការថែទាំសុខភាពសម្រាប់សមាជិក ប.ស.ស. មានចំនួនកើនឡើងសរុបរហូតដល់ ២ ៦៨២ ៤៤២នាក់ ធៀបនឹងឆ្នាំ២០២៣ មានការកើនឡើងប្រមាណជា ៣៤%។ ក្នុងនោះ សមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្តបានទៅ ប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស. សរុបមានចំនួន ៧៤១ ៧០៨ដង ក្នុងរយៈពេល១ឆ្នាំមកនេះ។

បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ប.ស.ស. ក៏ជាអង្គភាពមួយដែល រាជរដ្ឋាភិបាល បានចាត់តាំងឱ្យអនុវត្តកម្មវិធី ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលជាសមាជិក ប.ស.ស. (របបភាគទានជាកាតព្វកិច្ច) ដោយរយៈពេលមួយឆ្នាំគិតពីខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកផ្តល់ជូនម្តាយចំនួន ១១៦ ៣៦៦នាក់ និងកូនចំនួន ១១៤ ៤៩៨នាក់ គិតជាទឹកប្រាក់សរុប ៩៣ ០៣០លានរៀល។ ជាមួយគ្នានេះ បើគិតចាប់ពីអនុវត្តកម្មវិធីនេះ កាលពី ខែសីហា ឆ្នាំ២០២៣មក ប.ស.ស. បានបើកផ្តល់ជូនទៅម្តាយចំនួន ៥៦៥ ៤៤៣នាក់ និងកូនចំនួន ៥៥២ ៨៩៤ នាក់ គិតជាទឹកប្រាក់សរុប ២៨៣ ១៩៥លានរៀល ។

គួរបញ្ជាក់ថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធី របបសន្តិសុខសង្គមផ្នែក ថែទាំ សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងបន្តចុះផ្សព្វផ្សាយតាមរាជធានី ខេត្ត និងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជន យ៉ាងសកម្មនៅរាជធានី ខេត្តទូទាំងប្រទេស រួមនិងការផ្សព្វផ្សាយតាមបណ្តាញ សង្គមផ្លូវការដូចជា Facebook, Telegram, YouTube, TikTok និងតាម បណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមាន ប្រជាប្រិយភាព ក្នុងបណ្ដាញសង្គមយ៉ាងផុសផុល។ លើសពីនេះទៀត ក៏មានក្រុមការងារ ចុះទៅធ្វើការចុះបញ្ជិកាចល័តដោយផ្ទាល់នៅតាមទីប្រជុំជន ផ្សារ ក្រសួង ស្ថាប័ន និងបានដាក់ឱ្យអនុវត្តការចុះបញ្ជីតាម Online (Nssf Member App) ចាប់តាំងពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤មក ដើម្បីជួយសម្រួលបន្ថែម ដល់ប្រជាជន ក្នុងការចុះបញ្ជី និងទទួលបានបណ្ណសមាជិក៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner