សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាព្រះមហាក្សត្រ បើក​អនុសំវច្ឆរ មហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រ​កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អញ្ជើញជាអធិបតី ពិធីបើក​អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងបរទេស លើកទី៣២ នៅវិទ្យាស្ថាន​គរុកោសល្យ និងវិក្រឹត្យការ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ។

ពិធីនេះ មានការយាង និមន្ត និងអញ្ជើញចូលរួមជាកិត្តិយសពីសម្តេច​ព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំ​បរិស័ទ នៃឥស្លាមសាសនា គ្រីស្ទសាសនា និងសាសនាដទៃទៀត ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនអង្គ/នាក់ ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ ប្រព្រឹត្តទៅ​រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបូក​សរុប​សកម្មភាព ពិនិត្យ និងវាយតម្លៃលើលទ្ធផលការអនុវត្តសង្ឃ​ប្រកាស​របស់អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ដែលបានដាក់ចេញកន្លងមក ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការអនុវត្តការងារ​ព្រះពុទ្ធ​សាសនា នាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្ត ។

មហាសន្និបាត ធ្វើឡើងសំដៅពង្រឹងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រងរួមទាំងការ​អនុវត្ត​ប្រកបដោយប្រសិទ្ធភាព នូវរាល់ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋាន​គតិយុត្តដែលមានជាធរមាន និងពង្រឹងគុណភាព អប់រំពុទ្ធិកសិក្សា ការផ្សព្វ​ផ្សាយ​ព្រះធម៌វិន័យ ដើម្បីអភិវឌ្ឍធនធានបព្វជិត សំដៅធ្វើយ៉ាងណាឲ្យ​វិស័យ​ព្រះពុទ្ធសាសនា មានភាពរីកចម្រើន ស្របតាមគោលនយោបាយរបស់​រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាស្រែបុណ្យ គួរជាទីគោរពបូជារបស់ពុទ្ធបរិស័ទ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner