សម្ដេចតេជោ ហ៊ុន សែន ស្នើក្រសួងធម្មការ ក៏ដូចជាពិធីការ រៀបចំឡើងវិញ​នូវអាសនៈក្រមសង្ឃ

(ភ្នំពេញ)៖ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងបរទេស លើកទី៣២ នៅវិទ្យាស្ថានគរុកោសល្យ និងវិក្រឹត្យការ រាជធានីភ្នំពេញ នាព្រឹក​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចអគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើ​ឱ្យក្រសួងធម្មការ និងសាសនា ក៏ដូចជាពិធីការ រៀបចំឡើងវិញនូវអាសនៈ​ក្រមសង្ឃ ដោយសារការរៀបចំពិធីការសព្វថ្ងៃនេះ កំពុងរៀបចំពិធីការទៅតាម​គោរពងារ មិនមែនរៀបចំពិធីការតាមតួនាទីនោះទេ ដែលនេះមិនត្រូវទាល់​តែសោះ ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា សព្វថ្ងៃនេះ សម្តេចមើលឃើញថា អាសនៈក្រមសង្ឃ ពេលខ្លះ គឺបានឱ្យព្រះអនុគណ នៅមុខព្រះមេគណ គឺមិនត្រូវទាល់តែសោះ ។ សម្តេច ថា នៅពេលដែលសម្តេច ចូលទៅក្នុង​ព្រះបរមរាជវាំង បានសង្គេតឃើញសម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៏ ចន្ទថុល អង្គុយពីខាងលើសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខា​ធិការដ្ឋានគណៈសង្ឃនាយក និងព្រះមេគណរាជធានីភ្នំពេញ ដែលការរៀបចំ​ដូចនេះ គឺមិនត្រឹមត្រូវនោះទេ។

សម្ដេចតេជោ ក៏បានស្នើឱ្យស្នើក្រសួងធម្មការ និងសាសនា ពិនិត្យពីបញ្ហា​អាសនៈ​ក្រមសង្ឃនេះឡើងវិញ ដោយរៀបចំឱ្យបានត្រឹមត្រូវ និងរៀបចំ​តាមតួនាទី និងមែនគ្រាន់តែទទួលបានគោរពងារខ្ពស់ ហើយការរៀបចំ​អាសនៈ ត្រូវតែនៅខាងមុខនោះទេ ។

ជាមួយគ្នានោះសម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា រឿង​អាសនៈ​ក្រមសង្ឃនេះ ត្រូវតែរៀបចំដូរឡើងវិញ ហើយរឿងនេះ ជារឿងរបស់ក្រសួង​ធម្មការ និងសាសនា និងក្រុមពិធីការ ត្រូវចាត់ចែងរៀបចំផ្លាស់ប្តូរ ហើយការ​រៀប​ចំកន្លងមក គឺខុសរឿងហើយ ដូចនេះសូមកែរតម្រូវឡើងវិញ ។

ឆ្លៀតក្នុងឱមកាសនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យតាមវត្តអារាម ធ្វើការបណ្ដុះបណ្ដាលអាចារ្យ ដែលមានស្រាប់នៅក្នុងវត្តនោះ ហើយសូម​កុំរង់ចាំ តែការបណ្ដុះបណ្ដាលពីក្រសួងធម្មការ និងសាសនា ។

សម្ដេច ថា តម្រូវការអាចារ្យកាន់តែច្រើន ហើយឥឡូវពេលនេះ ម៉ោងនេះ សំឡេងភ្លេង មិនដឹងភូមិណាប៉ុន្មានទេ ។ ស្រុកខ្មែរយើង គេហាមមិនឱ្យការ ពេលចូលវស្សា ពេលចេញវស្សាហើយ គេការហើយ ហើយពេលការហ្នឹង តម្រូវការអាចារ្យ ដោយត្រូវការអាចារ្យការ អាចារ្យខ្មោច អាចារ្យសូត្រមន្ត ធ្វើបុណ្យសង្ឃទាន គឺត្រូវការអាចារ្យច្រើនណាស់ ។

សម្ដេចបានថ្លែងគូសបញ្ជាក់ថា ព្រះសង្ឃកាន់តែច្រើន តម្រូវការអាចារ្យកាន់​តែច្រើន ចឹងសូមឱ្យតាមវត្តអារាមនីមួយៗ ក៏បណ្ដុះបណ្ដាលអាចារ្យ​ក្នុងវត្ត​ស្រាប់ អ៊ីចឹងទេ ព្រះតេជគុណតាមវត្តនីមួយៗ គួរតែត្រូវបានបណ្ដុះបណ្ដាល​អាចារ្យ ដើម្បីជំនួសអាចារ្យចាស់ ដែលគាត់មិនអាចធ្វើការទៅបាន យើងមាន​អាចារ្យថ្មី មកជំនួស ដោយមិនរង់ចាំបំពេញតែពីអាចារ្យ ដែលបណ្ដុះបណ្ដាល​ដោយក្រសួងធម្មការ និងសាសនាទេ នៅតាមទីវត្តអារាមនីមួយៗ អាចទទួល​បានការបណ្ដុះបណ្ដាលសម្រាប់អាចារ្យ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner