សម្ដេចនាយករដ្ឋមន្ត្រី ណែនាំឱ្យរៀបចំក្រមបទដ្ឋាន បច្ចេកទេសសុវត្ថិភាព ដើម្បីគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ហ្គាស នៅកម្ពុជា
(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល និងរដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពិនិត្យមើលការរៀបចំ ផ្គត់ផ្គង់ហ្គាសនៅតាមបណ្ដាអាគារខ្ពស់ៗ ដើម្បីបញ្ចៀសហានិភ័យ កើតមានឡើងជាយថាហេតុ ខណៈនៅបណ្ដាប្រទេសអភិវឌ្ឍមួយចំនួន បានកើតមានករណីនេះរួចហើយ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យមានការសិក្សា នីតិវិធី និងវិធាននានា ដើម្បីគ្រប់គ្រងសុវត្ថិភាព នៅតាមអគារទំនើបៗ ដែលបំពាក់ដោយបំពង់ហ្គាស ដើម្បីបញ្ចៀសហានិភ័យណាមួយ កើតមានឡើងពីការលេចធ្លាយឧស្ម័នហ្គាស ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវសហការគ្នា គិតគូរពីបញ្ហានេះ ដើម្បីប្រទាក់ក្រឡាគ្នាធ្វើរឿងនេះ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ