សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍»

(ព្រះសីហនុ)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍» ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

លោកជំទាវ ម៉ាក សំណាង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានថ្លែងពីសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាមួយនឹងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្ត ដែលបានខិតខំយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ដើម្បីបំផុសស្មារតីបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន ជាពិសេសក្មួយៗជាយុវជន ដែលជាអ្នកប្រឈមខ្ពស់ ឱ្យចូលរួមក្នុងចរន្តជាតិតែមួយដើម្បីឈានឆ្ពោះទៅរកការបញ្ចប់អេដស៍ តាមរយៈការអប់រំផ្សព្វផ្សាយជាប្រចាំក្នុងពេលចុះសួរសុខទុក្ខផ្ទាល់ ពេលចែកអំណោយ ពេលវគ្គបណ្តុះបណ្តាលនានា និងមិត្តអប់រំមិត្តនៅតាមសាលារៀន និងសហគមន៍ជាដេីម។

ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងអំណរគុណជាអនេកចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលបានរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះឡើង ដើម្បីទាញការយកចិត្តទុកដាក់របស់បងប្អូនរួមជាតិ ជាពិសេសយុវជន និងសហគមន៍ងាយរងគ្រោះឱ្យបន្តការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស និងកសាងសង្គមជាតិមួយ ដែលពុំមានការគំរាមកំហែងពីមេរោគអេដស៍/ជំងឺអេដស៍។

ជាមួយគ្នានេះ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង ដែលបានធ្វើបាឋកថា បកស្រាយជូនអង្គពិធីបានជ្រាបអំពីស្ថានភាពបច្ចុប្បន្ននៃមេរោគអេដស៍ និងប្រការដែលពលរដ្ឋម្នាក់ៗ ជាពិសេសយុវជនត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នការពារខ្លួនមិនឱ្យធ្លាក់ខ្លួនឆ្លងពីគេ ឬចម្លងទៅកាន់អ្នកដទៃ។

ទន្ទឹមនឹងនេះ លោកជំទាវ បានគូសបញ្ជាក់ពីគំរូវីរភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានក្តីអាណិត -ស្រឡាញ់ បង្ហាញពីការមិនរេីសអេីងចំពោះអ្នកផ្ទុកមេរោគអេដស៍ លេីកកម្ពស់សិទ្ធិស្មេីមុខស្មេីមាត់ក្នុងសង្គមជាតិ និងការទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍ពីម្តាយទៅកូនជាដេីម-ល-។

លោកជំទាវ ក៏បានទាញចំណាប់អារម្មណ៍ពីការចាប់យកកម្លាំងយុវជន មកធ្វេីជាគោលដៅចម្បងក្នុងការអប់រំផ្សព្វផ្សាយ លេីកកម្ពស់ការយល់ដឹង ព្រោះថាយុវជនត្រូវកសាងខ្លួនឱ្យក្លាយជាអ្នកបន្តវេន ជាធនធានមនុស្សដែលប្រកបដោយសមត្ថភាពនិងសុខភាពល្អ សម្រាប់ជាកម្លាំងចលករក្នុងការចូលរួមអភិវឌ្ឍជាតិ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចប់បញ្ហាអេដស៍នៅកម្ពុជាទៅតាមការរំពឹងទុក។

សូមបញ្ជាក់ថា ចុងបញ្ចប់នៃកម្មវិធីនេះ ក៏មានការចែកអំណោយមនុស្សធម៌ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ៥០នាក់ ដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner