ប្រធានរដ្ឋសភាវៀតណាម វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា និងសម្រេចបាននូវស្ថិរភាព សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ឯកឧត្តម ជិន ថាញ់មិន (Tran Tranh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចំរើនគួរឱ្យកត់សម្គាល់របស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ដែលសម្រេចបាននូវស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍនៃប្រទេសកម្ពុជា និង អបអរសាទរតួនាទី និងកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។ ការវាយតម្លៃនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ នៅវិមាន៧មករា កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ព្រមទាំងចូលរួមមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម នឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ខណៈដែលស្ថានការណ៍ពិភពលោកវិវត្តទៅមុខយ៉ាងឆាប់រហ័ស និង ពិបាកប៉ាន់ស្មានបាន។

នាឱកាសជំនួបនេះ ឯកឧត្តម ជិន ថាញ់មិន បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចំរើនគួរឱ្យកត់សម្គាល់របស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានជម្រាបសម្តេចតេជោថា នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម បានជួបពិភាក្សាជាមួយនឹងសម្តេចប្រធានរដ្ឋសភា និង មានក្តីសប្បាយរីករាយដែលចូលរួមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសំណង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា តម្លៃ២៥លានដុល្លារអាមេរិក ដែលជាអំណោយរបស់ប្រជាជនវៀតណាមជូនប្រជាជនកម្ពុជា ព្រមទាំង បានចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយនឹងសម្តេចធិបតីនាយករដ្ឋមន្ត្រី។

ឯកឧត្តម ក៏បានគូសបញ្ជាក់ថាប្រទេសវៀតណាម និងកម្ពុជាជាប្រទេសភូមិផងរបងតែមួយ ការជួយគ្នាទៅវិញទៅមកគឺជាជាកត្តាសត្យានុម័ត និងកិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាពតំបន់ និងពិភពលោក និងសូមវាយតម្លៃខ្ពស់ចំពោះ សម្តេចតេជោ ដែលសម្រេចបាននូវស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍនៃប្រទេសកម្ពុជា និង អបអរសាទរតួនាទី និងកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។ ឯកឧត្តម ក៏បានប្តេជ្ញា បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងជំនួបរវាងគណបក្ស សភា រដ្ឋាភិបាល និងរវាងប្រជាជន និង ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់នៃប្រទេសយើងទាំងពីរ។

ឯកឧត្តម ក៏បានគូសបញ្ជាក់ពីការរក្សាឱ្យបានម៉ឺងម៉ាត់នូវគោលការណ៍មិនឱ្យកម្លាំងអមិត្តប្រើប្រាស់ទឹកដីប្រឆាំងប្រទេសជិតខាង និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់បទល្មើស និងព័ត៌មានមិនពិត និងថែរក្សាការពារប្រភពទឹកទន្លេមេគង្គ។ ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះកម្ពុជាដែលបានផ្តល់អំណោយដល់វៀតណាម នៅពេលរងគ្រោះព្យុះយ៉ាហ្គី។

ក្នុងជំនួបពិភាក្សាការងារនេះផងដែរ សម្តេចតេជោ ក៏បានស្នើឱ្យវៀតណាមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ប្រធានគណបក្សនៃប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសឡាវ ដែលខកខានមិនបានប្រជុំកន្លងមក និងសង្ឃឹមថាយន្តការប្រជុំប្រធានគណបក្សនៃប្រទេសយើងទាំងបីនេះ ដែលសម្តេចតេជោ បានផ្តួចផ្តើមឡើង នឹងស្ថិតនៅជានិរន្តន៍ និងសម្រេចបានគោលដៅជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា វៀតណាម ឡាវ នៅក្នុងបរិការស្មុគស្មាញនៅលើពិភពលោក។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ ត្រូវរក្សាក្របខណ្ឌដែលមានស្រាប់ និងត្រូវពង្រីកក្របខណ្ឌនេះឱ្យធំឡើងជាបន្តបន្ទាប់ តាមរយៈយន្តការដែលមានកន្លងមក និងគ្រប់ទិដ្ឋភាពមិនផ្លាស់ប្តូរ ធានារក្សាបានសន្តិសុខ ទោះក្នុងសភាពការណ៍ណាក៏ដោយ និងទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល តាមរូបភាពបដិវត្តន៍ពណ៌ ដែលនៅតែបន្តមាន។
ជាចុងក្រោយនៅចុងបញ្ចប់ សម្តេចតេជោ ជូនពរឯកឧត្តម ជិន ថាញ់មិន ទទួលបានជោគជ័យក្នុងបេសកកម្ម និងទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner